ភ្នំពេញ៖ ជនជាតិចិនម្នាក់ត្រូវបានសមត្ថកិច្ចប្រចាំច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញឃាត់ខ្លួន ខណៈដែលនាំចូលលុយចំនួន ៨៥៥០០០ដុល្លារ ពីហុងកុងចូលមកកម្ពុជា ។ ក្នុងប្រតិបត្តិការខាងលើ ប្រព្រឹត្តទៅកាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ។

ជនជាតិចិនរូបនោះឈ្មោះ LIAO JINGQING កើតថ្ងៃទី16/11/1971 កាន់លិខិតឆ្លង ដែនលេខ EG0115690 ។ ជនសង្ស័យបបានសារភាពថា បានចូលមកកម្ពុជាចំនួន ០២លើក ក្នុងនោះលើកទី១កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ និងលើកចុងក្រោយថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ក្នុងគោលបំណងនាំប្រាក់មកកម្ពុជា ដើម្បីវិនិយោគលើផ្នែកដេគ័រជាមួយប្អូនជីដូនមួយឈ្មោះ LIAO YUPENG ប៉ុន្តែមិនស្គាល់ឈ្មោះក្រុមហ៊ុន ។

ជនសង្ស័យបន្តថា ប្រាក់ទាំងនោះខ្លួនបានបើកពីធនាគារឈ្មោះ ឡុង យៀក ក្នុងទីក្រុងហុងកុងនាំយកមកកម្ពុជា។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន លិខិតឆ្លងដែនចិនចំនួន១ក្បាល ប្រាក់ចំនួន៨៥៥,០០០ដុល្លា (៧២ដុំ) ទូរស័ព្ទដៃចំនួន០១គ្រឿង កាបូបធំចំនួន០២ ៕