អាជ្ញាធរខណ្ឌសែនសុខចាត់វិធានការលើម្ចាស់រថយន្តក្រុងចតលើផ្លូវសាធារណៈ ដោយដកហូតរថយន្តមករក្សាទុករយះពេល ០១សប្ដាហ៍ ទុកជាការព្រមាន មុននឹងធ្វើកិច្ចសន្យាណែនាំប្រគល់ជូនវិញ - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, December 25, 2019

អាជ្ញាធរខណ្ឌសែនសុខចាត់វិធានការលើម្ចាស់រថយន្តក្រុងចតលើផ្លូវសាធារណៈ ដោយដកហូតរថយន្តមករក្សាទុករយះពេល ០១សប្ដាហ៍ ទុកជាការព្រមាន មុននឹងធ្វើកិច្ចសន្យាណែនាំប្រគល់ជូនវិញ

ភ្នំពេញ៖ រថយន្តក្រុងចំនួន០២គ្រឿង ដែលតែងតែចតនៅលើផ្លូវសាធារណៈបណ្ដាលអោយប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈនៅចំណុចមុខដីឡូតិមួយកន្លែង បណ្តោយផ្លូវលេខ១៩៥៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានកម្លាំងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ក្រោមការបញ្ជាដឹកនាំយ៉ាងម៉ឺងម៉ាត់ពីលោក ម៉ូវ ម៉ានិត ប្រធានគណៈបញ្ជាការ និងជាអភិបាលខណ្ឌសែនសុខ អោយចុះដកហូតយកមករក្សាទុកនៅសាលាខណ្ឌកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ដោយយកមកទុករយៈពេល ០១សប្ដាហ៍ ធ្វើជាការព្រមានដល់ម្ចាស់រថយន្តនេះ ក៏ដូចជាម្ចាស់រថយន្តផ្សេងៗទៀត មុននឹងធ្វើកិច្ចសន្យាប្រគល់ជូនត្រឡប់ទៅវិញ ។

នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នេះដែរ ដោយបានការអនុញ្ញាតពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ រដ្ឋបាលខណ្ឌបានអញ្ជើញម្ចាស់រថយន្តទាំងពីរមកធ្វើការណែនាំ ដោយម្ចាស់រថយន្តបានទទួលស្គាល់កំហុស និងបានធ្វើកិច្ចសន្យានៅមុខអាជ្ញាធរខណ្ឌសែនសុខ ដោយយល់ព្រមអនុវត្តដូចខាងក្រោម :
  -យល់ព្រមបញ្ឈប់សកម្មភាពចតរថយន្តនៅលើផ្លូវសាធារណៈ បណ្តាលអោយប៉ះពាល់សណ្តាប់ធ្នាប់ របៀបរៀបរយ និងប៉ះពាល់អ្នកធ្វើដំណើរឆ្លងកាត់ផ្លូវសាធារណៈទៀតហើយ
   -ក្នុងករណី នៅបន្តចតរថយន្តលើផ្លូវសាធារណះប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈលើកក្រោយម្តងទៀត យល់ព្រមអោយអាជ្ញាធរខណ្ឌអនុវត្តវិធានការទៅតាមនីតិវិធីច្បាប់ ដោយមិនជំទាស់តវ៉ាអ្វីឡើយ ។

លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរ មិនចង់ឃាត់ដកហូត ឬ រំខានការប្រកបអាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋ អោយខកខានការដឹកជញ្ជូនភ្ញៀវនោះទេ ប៉ុន្តែបើណែនាំមិនស្តាប់ អាជ្ញាធរខណ្ឌត្រូវតែបង្ខំអនុវត្តវិធានការអោយខានតែបាន ដើម្បីរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈអោយមានរបៀបរៀបរយល្អប្រសើរ ។  លោកអភិបាលខណ្ឌបានរំលឹកថា កន្លងមក អាជ្ញាធរខណ្ឌសែនសុខតែងតែបានចុះណែនាំដល់ម្ចាស់រថយន្តក្រុងនៅតាមបណ្តោយផ្លូវលេខ១៩៥៨ និងផ្លូវមួយចំនួនទៀត ស្ថិតក្នុងភូមិសាស្រ្តខណ្ឌសែនសុខ អោយបញ្ឈប់ការចតរថយន្តនៅលើផ្លូវសាធារណៈជាច្រើនលើក និងបានចែកជូនលិខិតណែនាំលេខ០១៣/១៨ សណន ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ប៉ុន្តែម្ចាស់រថយន្តមួយចំនួនមិនបានអនុវត្តតាមការណែនាំនោះឡើយ ។
     
ជាចុងក្រោយ អាជ្ញាធរខណ្ឌសែនសុខសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋកំពុងប្រកបអាជីវកម្មតាមដងផ្លូវ និងម្ចាស់រថយន្តតាក់សុី រថយន្តឈ្នួល រថយន្តក្រុង រថយន្តក្រឡុកបេតុង និងម្ចាស់រថយន្តដឹកទំនិញផ្សេងៗទៀត សូមចូលរួមសហការជាមួយអាជ្ញាធរ ដោយបញ្ឈប់ការលក់ដូរ ដាក់តាំងសម្ភាររំលោភលើចិញ្ចើមផ្លូវសាធារណៈ បញ្ឈប់ការចតរថយន្តនៅលើផ្លូវសាធារណៈដែលបណ្តាលអោយប៉ះពាល់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ប៉ះពាល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវ និងប៉ះពាល់សោភ័ណ្ឌភាពរាជធានីភ្នំពេញ របស់យើង ។



No comments:

Post a Comment

Pages