ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០១៩ ក្រុមប្រឹក្សានីតិកម្ម ក្រសួងមហាផ្ទៃ បន្តកិច្ចប្រជុំពិភាក្សា និងពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន និងឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការ ចូលរួមពី តំណាងអគ្គនាយកដ្ឋាននានារបស់ក្រសួង មន្រ្តីជំនាញផ្នែកច្បាប់ និងអង្គភាពជំនាញពាក់ព័ន្ធជាច្រើនផងដែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីសិក្សាបន្តទៅលើសេចក្ដីព្រាងច្បាប់បទល្មើសបច្ចេកវិទ្យាព័ត៌មាន ក្នុងគោលបំណងធានាសុច្ចរិតភាពនៃការប្រើប្រាស់ ការគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ ទិន្នន័យកុំព្យូទ័រ និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការការពារសិទ្ធិសេរីភាពបុគ្គល ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបការប្រព្រឹត្តបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា។
ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះបទល្មើសបច្ចេកវិទ្យាព័ត៌មាន ដែលប្រព្រឹត្តនៅក្នុង ឬក្រៅព្រះរាជាណាចក្រកម្ពុជា ហើយដែលអំពើនោះធ្វើឱ្យប៉ះពាល់ដល់រូបវន្តបុគ្គល នីតិបុគ្គល សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ឬផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា។
សេចក្តីព្រាងច្បាប់ស្តីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាននេះមាន ៧ជំពូក ៤៨មាត្រា ហើយក្រុមការងារបាននឹងកំពុងតែប្រមូលធាតុផ្សំផ្សេងៗដែលពាក់ព័ន្ធ ដើម្បីដាក់ចូលទៅក្នុងសេចក្តីព្រាងច្បាប់នេះ ហើយខ្លឹមសារនៅក្នុងច្បាប់នេះក៏មានចែងអំពីការផ្ដន្ទាទោសផងដែរ៕
ប្រភព៖ ផេកក្រសួងមហាផ្ទៃ
No comments:
Post a Comment