ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ វេលាម៉ោ១១ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានទទួលឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីរំលោភលើទំនុកចិត្ត(ខ្ចីម៉ូតូយកទៅបញ្ចាំ) នៅចំណុចមុខក្លឹបហ្គោឡាញ ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង២២ និង៣០នាទី ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ ហាន់ ណាហ្វី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ប្រភពបានបន្តទៀតថា ដំបូងជនសង្ស័យបានខ្ចីម៉ូតូពីជនរងគ្រោះឈ្មោះ សៀន ធារ៉ា ភេទស្រី អាយុ១៨ឆ្នាំ ជាសិស្ស ស្នាក់នៅបន្ទប់ជួលមួយកន្លែង ស្ថិតនៅតាមផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោយមកក៏បាត់ដំណឹងឈឹង មិនឃើញយកម៉ូតូមកសងវិញសោះ រហូតជនរងគ្រោះរាយការណ៍ទៅសមត្ថកិច្ចតែម្តង ។
ម៉ូតូដែលជនសង្ស័យខ្ចីហើយយកទៅបញ្ចាំ ម៉ាកស្កុបពី ពណ៌ស ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខ កំពង់ធំ 1J-2881 ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ។