ឯកឧត្តម​ គង់​ សោភ័ណ្ឌ​ អភិបាលរងខេត្តកណ្តាលអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាល​ស្រុកល្វាឯម ចំនួន៥៨រូប - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, February 12, 2020

ឯកឧត្តម​ គង់​ សោភ័ណ្ឌ​ អភិបាលរងខេត្តកណ្តាលអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាល​ស្រុកល្វាឯម ចំនួន៥៨រូប

ខេត្តកណ្តាល​៖ ឯកឧត្តម​ គង់​ សោភ័ណ្ឌ​ អភិបាលរងខេត្តកណ្តាល​ ស្នេី​ឱ្យ​មន្ត្រីមូលដ្ឋាន​ ត្រូវពង្រឹងស្មារតីសាមគ្គី ឯកភាពផ្ទៃក្នុង ឱ្យបានល្អ ដោយឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធិភាពការងារ គោរពច្បាប់ គោរពគោលការណ៍ ពង្រឹងរបៀបរបបធ្វើការងារភាពជាម្ចាស់ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍន៍មូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ពិសេស​ខិតខំ​បំរេី​ និង​ផ្ដល់​សេវាសាធារណៈជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព​ តម្លាភាព​ និង​ទាន់ពេលវេលា​។

ឯកឧត្តម​ គង់​ សោភ័ណ្ឌ​ ស្នេី​បែបនេះ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាល​ស្រុកល្វាឯម ចំនួន៥៨រូប ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តាមមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរស្រុក ឃុំ។

ឯកឧត្តម​ គង់​ សោភ័ណ្ឌ​ បានបន្តថា ការដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាល​ស្រុក​ល្វាឯម​ នាពេលនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈ នៅថ្នាក់ក្រោមជាតិ សំដៅធានាដល់ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរមុខងារ និងធនធាន ឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋ ក្នុងការទទួលខុសត្រូវ ទាំងការងារគ្រប់គ្រង ចាត់ចែង និងការប្រើប្រាស់សិទ្ធិអំណាច សម្រាប់ការផ្តល់សេវា និងការអភិវឌ្ឍន៍មូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធិភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។

ក្នុង​ឱកាស​នោះ​ដែរ​ឯកឧត្តម​អភិបាលរងខេត្ត​ បានជំរុញអោយអាជ្ញាធរ​ស្រុក​ បន្តលើកទឹកចិត្តប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមអនុវត្តគោលនយោបាយ “ភូមិ ឃុំ​មានសុវត្ថិភាព” ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រប់ប្រភេទនៅតាមមូលដ្ឋានរៀងៗខ្លួន ពិសេស​បទល្មើសគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស សកម្មភាពលួច ឆក់ ប្លន់ និងល្បែងស៊ីសងខុសច្បាប់​នៅ​ក្រុង​មូលដ្ឋាន​ស្រុក​ល្វាឯម​ ។ ត្រូវពង្រឹងវិធានការរដ្ឋបាល និងវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់គ្រប់ប្រភេទក្នុងទូទាំងស្រុក ដោយត្រូវដាក់ចេញវិធានការឲ្យបានម៉ឺងម៉ាត់​ ក្នុងការ​ចូលរួមបង្ការ ទប់ស្កាត់ ការប្រើប្រាស់ ការជួញ​ដូ​រ ការ​ចែកចាយ​គ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ។ បន្តលើកកម្ពស់ការពង្រឹងសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ពិសេសសុវត្ថិភាពចរាចរ ដោយ​ត្រូវ​​ផ្តល់​អាទិភាពលើការផ្សព្វផ្សាយអប់រំ ការគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើរទន្ទឹមនឹង​ការពង្រឹង​វិធានការ​​រដ្ឋបាល និងវិធានការច្បាប់ ក្នុងការអនុវត្តច្បាប់ចរាចរផ្លូវគោក​ដើម្បីកាត់បន្ថយគ្រោះថ្នាក់​ចរាចរ​ណ៍​​បន្ថែមទៀត៕






No comments:

Post a Comment

Pages