ខេត្តក្រចេះ៖ នៅរសៀលថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម វ៉ា ថនអភិបាលខេត្ត ជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ដឹកនាំកិច្ចប្រជុំពង្រាងផែនការកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់ខេត្តក្រចេះ ដើម្បីដាក់ពិនិត្យ និងផ្ដល់យោបល់ ជូនគណៈអភិបាលដើម្បីសម្រេច ដោយមានការចូលរួមពីមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិនិយោគខេត្ត ។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា គ្រប់មន្ទីរអង្គភាពជំនាញ ត្រូវពិនិត្យទៅតាមជំពូកផ្នែក និងវិស័យ របស់ខ្លួនដែលបានដាក់ចូលក្នុងផែនការអភិវឌ្ឍន៍នាពេលនេះអោយបានគ្រប់ជ្រុងជ្រោយ ហើយត្រូវពិនិត្យនូវចំណុចដែលមិនចាំបាច់គឺត្រូវដកចេញ និងបន្ថែមចំណុចណាដែលមិនទាន់គ្រប់គ្រាន់ក្នុងផែនការ ទៅក្នុងសេចក្តីព្រាងផែនការកសាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល(២០២០-២០២២) ដោយប្រើអោយអស់លទ្ធភាព និងកំណត់បញ្ហាប្រឈមអោយបានជាក់លាក់ដើម្បីរៀបចំផែនការសកម្មភាពឆ្លើយតបដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលខេត្ត (២០២០-២០២២) ទៅតាមធនធានដែលខ្លួនអាចកៀរគរបាន។

ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា កិច្ចប្រជុំនាពេលនេះគឺទាមទារអោយយើងទាំងអស់គ្នាចូលរួមយោបល់ដើម្បីឈានដល់ការសម្រេចបានផែនការមួយប្រកបដោយប្រសិទ្ធភាព និងគុណតម្លៃដើម្បីអភិវឌ្ឍន៍ខេត្តក្រចេះទាំងមូលកាន់តែមានភាពរីកចំរើន ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។

គួរបញ្ចាក់ផងដែរថា ផែនការដំណើរការកសាងផែនការកម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០២០-២០២២) របស់ខេត្តក្រចេះ ចែកចេញជាបីជំពូកគឺ ៖ ជំពូកទី១ បរិយាយពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច សេចក្តីសង្ខេបទិន្នន័យសេដ្ឋកិច្ច និងសង្គមកិច្ចស្ថានភាពបច្ចុប្បន្ន និងបញ្ហាប្រឈម។ ជំពូកទី២ ៖ គឺក្របខណ្ឌគម្រោងនៃកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល និងអភិវឌ្ឍន៍ខេត្ត និងជំពូកទី៣ ៖ ការតាមដានត្រួតពិនិត្យ វាយតំលៃការអនុវត្តផែនការកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល និងមានតារាងឧបសម័ន្ធចំនួន៨ ។

ជាចុងបញ្ចប់នៃកិច្ចប្រជុំឯកឧត្តមបានថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រីដែលខិតខំប្រឹងប្រែងរួមសហការគ្នាបង្កើតបាននូវគម្រោងផែនការកម្មវិធីវនិយោ ៣ឆ្នាំរំកិលនេះដើម្បីអោយមានភាពជាក់លាក់ពិត ប្រាកដ ទម្លាភាពសម្រាប់ដាក់ជូនអង្គក្រុមប្រឹក្សាធ្វើការ ពិនិត្យ និងអនុម័តដាក់ឲ្យដំណើរការទៅបានដោយជោគជ័យ ស្របទៅតាមទិសដៅយុទ្ធសាស្រ្តរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល ៕