អត្ថន័យសំខាន់ៗ ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកក្រឡាញ់ - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, February 13, 2020

អត្ថន័យសំខាន់ៗ ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកក្រឡាញ់


សៀមរាប៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តស្តីទី និងលោក ទៀ សីហា អភិបាលខេត្ត បានចូលរួមជាគណៈអធិបតីភាពក្នុងពិធីប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកក្រឡាញ់ ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្ត្រីរដ្ឋបាលស្រុក ស្មៀនឃុំ មេឃុំ និងសិស្សានុសិស្ស និងក្រុមបងប្អូនយុវជនផងដែរ។ ការប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកក្រឡាញ់នេះមានមន្ត្រីចំនួន៤៧នាក់។

ក្នុងឱកាសនោះលោកស្រី ម៉ននី រង្សី អភិបាលស្រុកក្រឡាញ់ បានមានមតិស្វាគមន៍  និងរាយការណ៍សង្ខេបជូនអង្គពិធីពីអំពីស្ថានភាពទូទៅរបស់រដ្ឋបាលស្រុកក្រឡាញ់ និងការតស៊ូព្យាយាមរបស់មន្ត្រីរដ្ឋបាលស្រុក  ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាស្រុក  ក្រុមប្រឹក្សាឃុំ  និងការរីកចម្រើនលើគ្រប់វិស័យ  ព្រមទាំងចូលរួមអបសាទក្នុងការប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកក្រឡាញ់ ខេត្តសៀមរាបនេះ  ដោយសមាហរណកម្មមន្ត្រីរាជការចំនួន៤៧នាក់។

បន្ទាប់មក  លោក សន សេរីវុទ្ធី នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត បានអានសេចក្តីសម្រេចលេខ០១៣ សសរ/គ.ជ.អ.ប ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ស្តីពីការធ្វើសមាហរណកម្មបុគ្គលិក និងការរៀបចំមុខតំណែងគ្រប់គ្រងនៅក្នុងរចនាសម្ព័ន្ធ នៃរដ្ឋបាលស្រុកក្រឡាញ់នៃខេត្តសៀមរាប។

ក្នុងនោះ លោក ទៀ សីហា អភិបាលខេត្ត ក៏បានសំណេះសំណាល និងផ្តាំផ្ញើដល់មន្ត្រីគ្រប់រូបដែលទើបប្រកាសដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកក្រឡាញ់នេះថា ប្រទេសកម្ពុជាបានចាប់ផ្តើមអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយចាប់ផ្តើមអនុវត្តនៅថ្នាក់ឃុំ សង្កាត់ តាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០០២។

ផ្អែកតាមបទពិសោធន៍ក្នុងបណ្តាប្រទេសជាច្រើនទាំងនៅក្នុងតំបន់ និងលើពិភពលោក កំណែទម្រង់ វិមជ្ឈការត្រូវបានឱ្យតម្លៃថា ជាមធ្យោបាយដ៏មានប្រសិទ្ធភាពសម្រាប់ការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ធនធានសាធារណៈក្នុងការអភិវឌ្ឍមូលដ្ឋាន និងផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។ ទោះយ៉ាងនេះក្តី ការរៀបចំ និងការអនុវត្តកំណែទម្រង់វិមជ្ឈការនៅតាមប្រទេសនីមួយៗមានលក្ខណៈផ្សេងៗគ្នា គឺអាស្រ័យទៅតាមកត្តាភូមិសាស្ត្រប្រជាសាស្ត្រ ស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងប្រពៃណីនៃប្រទេសនីមួយៗ។

លោកបន្ថែមថា ក្នុងបរិបទប្រទេសកម្ពុជា ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ មានគោលបំណងសំខាន់ៗចំនួន៣ រួមមាន៖
១៖ ដើម្បីពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្សឱ្យចាក់គ្រឹះរហូតដល់មូលដ្ឋានតាមរយៈការបោះឆ្នោតបង្កើតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដែលជាតំណាងសាធារណៈរបស់ប្រជាពលរដ្ឋ និងជាតួអង្គដ៏សំខាន់ក្នុងការដឹកនាំ គ្រប់គ្រងរដ្ឋបាលមូលដ្ឋានតាមគោលការណ៍ អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

២៖ ដើម្បីលើកកម្ពស់គុណភាព និង ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានតាមរយៈការនាំមកនូវការផ្លាស់ប្តូរប្រព័ន្ធ និងរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់មូលដ្ឋានស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅផ្ទេរសិទ្ធិអំណាច មុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋមានលទ្ធភាពមានភាពម្ចាស់ការ និងការទទួលខុសត្រូវច្បាស់លាស់ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងដោះស្រាយនូវបញ្ហាប្រឈមជាក់ស្តែងនានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននីមួយៗឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។

៣៖លើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងការធ្វើសេចក្តីសម្រេចពាក់ព័ន្ធនឹងការគ្រប់គ្រង ដឹកនាំ និងអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនសំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

ការដាក់ឲ្យដំណើរការនូវរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលស្រុកនាពេលនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅមកលើប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិបន្ថែមទៀត គឺ៖
១-ការគ្រប់គ្រងរដ្ឋបាលស្រុក តាមគោលការណ៍នៃរដ្ឋបាលឯកភាពដែលមានលក្ខណៈពេញលេញ ដើម្បីបង្កើតជំរុញ និងធ្វើឲ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ  និងគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ ការបង្កើតឡើឆងនូវរដ្ឋបាលឯកភាពនៅថ្នាក់ក្រោមជាតិ គឺសំដៅដល់ការពង្រឹងអង្គឯកភាពរបស់រដ្ឋ ដើម្បីសម្របសម្រួលនូវរាល់សកម្មភាព រដ្ឋបាលសាធារណៈនៅក្នុងដែនដីរបស់ខ្លួន។

២-ការផ្លាស់ប្តូរនូវខ្សែគណនេយ្យភាព និងរបៀបរបបនៃការបំពេញការងារ មានន័យថា រដ្ឋបាលស្រុក ជាតំណាងឱ្យរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន នៅថ្នាក់រដ្ឋបាលរបស់ខ្លួន ត្រូវដើរតួនាទីក្នុងការសម្របសម្រួល ដឹកនាំគ្រប់សកម្មភាព ឬកិច្ចការងារដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយរដ្ឋបាលស្រុក ត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន ចំពោះវិស័យដែលក្រសួង ស្ថាប័ននីមួយៗទទួលខុសត្រូវ។ ផ្អែកតាមខ្សែគណនេយ្យភាពថ្មីនេះ រដ្ឋបាលក្រុងជាខ្សែបណ្តោយនៃក្រសួង ស្ថាប័ននីមួយៗជំនួសឱ្យការិយាល័យជំនាញដែលបានរៀបចំនាពេលកន្លងមក។ ហេតុនេះ ក្រសួង ស្ថាប័ន ឬមន្ទីរ អង្គភាពជំនាញនៅថ្នាក់ខេត្ត ដែលត្រូវអនុវត្តសកម្មភាព ឬកិច្ចការងារណាមួយនៅថ្នាក់ក្រុង គឺត្រូវធ្វើកិច្ចសហការ និងទំនាក់ទំនងជាមួយរដ្ឋបាលក្រុងដោយផ្ទាល់ទៅលើវិស័យ ដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន។

ក្នុងមតិផ្តាំផ្ញើនេះផងដែរ លោកអភិបាលខេត្តសៀមរាប ក៏បានសង្កត់ធ្ងន់ថា ដើម្បីរួមគ្នាសម្រេចបាននូវកិច្ចការខាងលើនេះ ចាំបាច់ត្រូវខិតខំពង្រឹងស្មារតីសាមគ្គីភាព ឯកភាព ផ្ទៃក្នុងឲ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ ពង្រឹងរបៀបរបបធ្វើការ ពិសេសអនុវត្តន៍តាមអភិក្រមទាំង៥ ១.ឆ្លុះកញ្ចក់ ២.ងូតទឹក ៣.ដុសក្អែល ៤.ព្យាបាល និង៥.វះកាត់ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រីនៅក្នុងការបំពេញតួនាទី និងភារកិច្ច សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕





No comments:

Post a Comment

Pages