ខេត្តកំពត៖ ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ទីតាំងល្បែងដុះស្លែរ ដែលនៅខាងក្នុងនោះមានល្បែងជាច្រើនដូចជា សង្វៀនមាន់ យូគី អាប៉ោង និងល្បែងម៉ាសុីន ហើយកាសុីណូមិនមានឈ្មោះមួយកន្លែង នៅក្បែរច្រកទ្វេរភាគី កម្ពុជា-វៀតណាម "តន់ហន់" ស្ថិតនៅភូមិព្រែកគ្រឹស្ត ឃុំព្រែកគ្រឹស្ត ស្រុកកំពង់ត្រាច ខេត្តពកំពត បើកឡើងដុះស្លែរ ហើយអ្នកចូលលេងមានទាំងខ្មែរ និងបរទេស មិនដែលឃើញមានសមត្ថកិច្ចខាងណាចេញមុខបង្ក្រាបសោះ តើកាសុីណូមួយនេះមានខ្នងប៉ុណ្ណាទៅបានជាសមត្ថកិច្ចមិនហ៊ានបង្ក្រាបសោះ!!??

មានប្រភពជាច្រើនបានលើកឡើងថា ទីតាំងមួយកន្លែងនេះបានបើកជាយូណាស់មកហើយ ហើយអ្នកចូលទៅលេង មានទាំងជនជាតិវៀតណាម និងជនជាតិខ្មែរ អ្នកខ្លះហេតុតែញៀននឹងល្បែងជល់មាន់ យូគី អាប៉ោង សុខចិត្តធ្វើដំណើរតាំងពីចំងាយរាប់សិបគីឡូឯណ្ណោះដើម្បីមកលេង ហើយមាន់ដែលយកទៅលេងជាមាន់ប្រភេទតខ្នាយដែកទៀតផង។

មានមតិខ្លះទៀតបានខ្សឹបខ្សៀវថា កាសុីណូខាងលើនេះប្រហែលជាគ្មានច្បាប់នោះទេបានជាមិនលើស្លាកយីហោអោយបានត្រឹមត្រូវ ហើយខ្លះទៀតថា ទោះកាសុីណូនេះមានច្បាប់ក៏ដោយ ក៏មិនមែនច្បាប់អោយបើកសង្វៀនមាន់ យូគី អាប៉ោងនោះដែរ ហើយអ្នកចូលលេងជាជនជាតិខ្មែរនោះទេ។

ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះទីតាំងសង្វៀនមាន់ អាប៉ោង យូគីមួយនេះ ដោយសារតែពេលខ្លះមានដូចជាប្តី ជាកូន ជាក្មួយ បានទៅចាក់ភ្នាល់ផងដែរ ហើយពេលពួកគាត់ហាមឃាត់ ប្តី កូន ក្មួយ មិនអោយទៅលេង ពេលខ្លះក៏បង្កជាការឈ្លោះប្រកែកគ្នាក៏មាន ។ រីឯអ្នកលេងខ្លះទៀតក៏កើតជារឿងក្តៅក្រហាយ រករឿងប្រពន្ធកូន ពេលចេញពីលេងវិញ ដោយសារតែពួកគេចាញ់ល្បែងនេះតែម្តង។

ប្រជាពលរដ្ឋជាច្រើន បានសំណូមពរដល់សមត្ថកិច្ចក្នុងមូលដ្ឋាន ក៏ដូចជាលោកអភិបាលស្រុក លោកអធិការស្រុកកំពង់ត្រាច ជាពិសេសឯកឧត្តម អភិបាលខេត្ត និងឯកឧត្តម ស្នងការខេត្តកំពត សូមជួយចាត់កម្លាំងចុះត្រួតពិនិត្យទីតាំងកាសុីណូខាងលើនេះផង៕