លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីជួបប្រជុំណែនាំដល់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងជាប្រធានក្រុមការងារចុះជួយក្រុង ស្រុកទាំង ៨ នៃខេត្តស្វាយរៀង នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ នៅខេត្តស្វាយរៀង។

ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានស្នើឲ្យ ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមអនុវត្តវិធានការណ៍ដូចខាងក្រោម ៖

១. ចាត់តាំងអនុវត្តតាម ៖ ទី១.សារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ ០១ សរណន ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ស្តីពីវិធានការ​បង្ការ និងទប់ស្កាត់​ការរាតត្បាតនៃជំងឺកូវីដ-១៩ ទី២. សេចក្តីណែនាំលេខ ០៣៩ សខល ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល ស្តីពី​នីតិវិធីដាក់ខ្លួនឲ្យនៅដាច់ដោយ​ឡែក​ក្នុង​រយៈពេល ១៤ថ្ងៃ ដើម្បីបង្ការ និង​ទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមផ្ទះជាលក្ខណៈបុគ្គល និង ទី៣.លិខិតលេខ ១០០៧ សជណ របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២០ ។

២. ​ត្រូវបែងចែកជាក្រុមការងារតូចៗឲ្យចុះតាមខ្នងផ្ទះ ដើម្បីពន្យល់ ណែនាំ​អំពីវិធានការការពារជំងឺ​ តាម​ការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស វិធានការអនាម័យងាយៗ ដូចជា ការលាងសម្អាតដៃ​ឲ្យបាន​ញឹកញាប់ និងការរក្សា​អនាម័យខ្លួនប្រាណឲ្យបានជាប់ជាប្រចាំ ។

៣. ត្រូវយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើការចំណាកស្រុក ត្រលប់មកស្រុកកំណើតវិញ ត្រូវដាក់ឲ្យដាច់ដោយឡែក ១៤ថ្ងៃ ។ ក្នុងករណី​មាន​លទ្ធភាពបន្ថែម ក្រុមការងារគួរផ្តល់ជូនផងដែរនូវ សាប៊ូ ក្រម៉ា​​ គ្រឿងឧបភោគ បរិភោគ សម្រាប់ឧបត្ថម្ភដល់ពួកគាត់ដែលទើបនឹងត្រលប់មកពីក្រៅប្រទេសតាមលទ្ធភាពជាក់ស្តែង ដែលអាចធ្វើបាន ក្នុងកាលៈទេសៈដែលពួកគាត់ពុំបានប្រកបរបអាជីវកម្មផ្សេងសម្រាប់ក្រុមគ្រួសារ ។

៤. មន្ទីរសុខាភិបាលខេត្តស្វាយរៀងត្រូវយកចិត្តទុកដាក់​ក្នុង​ការទទួល ពិនិត្យ និងព្យាបាលចំពោះករណី​អ្នកដែលមានរោគសញ្ញាកូវីដ-១៩ ។ ជាពិសេស ពង្រឹងមន្ទីរពេទ្យបង្អែកក្រុង ស្រុក និងមណ្ឌលសុខភាព ឃុំ សង្កាត់ តាមរយៈ លេខទូរស័ព្ទ ១១៥ ។

៥. ត្រូវពិនិត្យលទ្ធភាព ក្នុងការឧបត្ថម្ភគាំទ្រសម្ភារៈ និងថវិកា​ដល់​រដ្ឋបាល​ក្រុង-ស្រុក និងឃុំ-សង្កាត់​នីមួយៗ ដើម្បីមានលទ្ធភាពធ្វើសកម្មភាព​​ផ្ទាល់នៅ​មូលដ្ឋាន ក្នុងការកាត់បន្ថយ និងបង្កាទប់ស្កាត់ការរាតត្បាតជំងឺ រលាកផ្លូវដង្ហើមធ្ងន់ធ្ងរ កូវីដ-១៩ នៅភូមិសាស្ត្រខេត្តស្វាយរៀង។

៦. អាជ្ញាធរខេត្តត្រូវណែនាំដល់អាជ្ញាធរឃុំ សង្កាត់ ភូមិ ត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះត្រួតពិនិត្យ ជាប្រចាំ​ ដើម្បីធានាថា បងប្អូនប្រជាពលរដ្ឋ ខ្មែរដែលវិលត្រលប់មកពីក្រៅប្រទេសវិញ អនុវត្តវិធានការដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ បានត្រឹមត្រូវតាមនីតិវិធីដែលបានកំណត់ ។ ក្នុងនោះអាជ្ញាធរក្រុង ស្រុក ត្រូវតាមដាន និងជួយគាំទ្រដល់អាជ្ញាធរឃុំ សង្កាត់ ភូមិ នៅក្នុងការបែងចែកអនុវត្តការងារនេះឲ្យមានប្រសិទ្ធិភាពខ្ពស់ ដោយអនុវត្តនូវវិធានការណ៍សរុប មធ្យោបាយសរុប កម្លាំងសរុប ជាពិសេស ប្រើប្រាស់កម្លាំងប្រជាការពារភូមិក្នុងការ ថែរក្សា ការពារសន្តិសុខ និងសណ្តាប់ផងដែរ ។

៧. អាជ្ញាធរខេត្តត្រូវណែនាំដល់អាជ្ញាធរក្រុង ស្រុក​ ខណ្ឌ ឃុំ​ សង្កាត់ ភូមិ ឲ្យសហការគ្នាបង្កើនសកម្មភាពបិទផ្សាយផ្ទាំងរូបភាព  និងចាក់មេក្រូ ផ្សព្វផ្សាយសារសម្លេងអប់រំរបស់គណៈកម្មាធិការជាតិ​ប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ នៅមូលដ្ឋានរៀងៗខ្លួន ជាពិសេស ភូមិ ឃុំ សង្កាត់ ដែលមានបង ប្អូនប្រជាពលរដ្ឋច្រើនដែលទើបនឹងត្រលប់មកពីក្រៅប្រទេសវិញ៕