លោកអភិបាលខេត្តប៉ៃលិន ជំរុញឱ្យមន្ត្រីពាក់ព័ន្ឋគ្រប់ជំនាញទាំងអស់ បន្តផ្សព្វផ្សាយអប់រំអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, April 7, 2020

លោកអភិបាលខេត្តប៉ៃលិន ជំរុញឱ្យមន្ត្រីពាក់ព័ន្ឋគ្រប់ជំនាញទាំងអស់ បន្តផ្សព្វផ្សាយអប់រំអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩

ខេត្តប៉ៃលិន៖ លោកអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍នៅក្នុងឱកាសអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ នៅតាមខ្នងផ្ទះ ព្រមទាំងឧបត្ថម្ភស្បៀងដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងសង្កាត់បរយ៉ាខា និងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ចំនួន៥៤គ្រួសារ បន្ទាប់ពីពួកគាត់រងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើងនៃជម្ងឺ Covid-19 នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការប្រយុទ្ធ នឹងជំងឺ COVID-19 ខេត្ត បានជំរុញឱ្យមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងក្រុមគ្រូពេទ្យ ត្រូវបន្តធ្វើការផ្សព្វផ្សាយអប់រំនៅតាមមូលដ្ឋាន ជាពិសេសនៅតាមទីប្រជុំជន និងទីសាធារណៈឲ្យបានផុលផុស អំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាល ជម្ងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកអភិបាលខេត្ត បានលើកឡើងថា ទោះបីប្រទេសកម្ពុជា ត្រូវបានរកឃើញមានអ្នកឆ្លងជំងឺនេះជាង ១០០នាក់ ក៏ដោយ ប៉ុន្តែសម្រាប់ខេត្តប៉ៃលិន រហូតមកដល់ពេលនេះ នៅមិនទាន់រកឃើញ មានអ្នកឆ្លងជំងឺនេះនៅឡើយទេ ប៉ុន្តែរយៈពេលចុងក្រោយនេះ មានពលករចំណាកស្រុកទាំងក្នុង និងក្រៅប្រទេស បានវិលត្រឡប់ចូលមកកាន់ស្រុកកំណើតវិញ ដោយយើងមិនបានដឹងថា ក្នុងចំណោម មនុស្សទាំងអស់នោះ មានអ្នកផ្ទុកមេរោគ COVID-19 ឬអត់នោះទេ។

ដូច្នេះដើម្បីទប់ស្កាត់កុំអោយមានការចម្លងជំងឺនេះ ក៏ដូចជាដើម្បីជួយសង្គ្រោះ និងព្យាបាលដល់ជនរងគ្រោះដែលមានផ្ទុកជំងឺនេះ ឲ្យបានទាន់ពេលវេលា គណៈកម្មការប្រយុទ្ធនឹងជំងឺ COVID-19 ខេត្តប៉ៃលិន បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ និងរួមគ្នាចុះផ្សព្វផ្សាយនៅតាមភូមិ និងតាមខ្នងផ្ទះ ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមបង្ការ និងទប់ស្កាត់ជំងឺ COVID-19នេះទាំងអស់គ្នា។

នៅក្នុងឱកាសនោះដែរ លោក ផាន់ ចាន់ធុល ក៏បានធ្វើការផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ អំពីការធ្វើអនាម័យដើម្បីបង្ការ និងទប់ស្កាត់ពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលដូចជា៖ ត្រូវលាងសម្អាតដៃឱ្យបានជាប្រចាំជាមួយសាប៊ូ និងទឹក ឬប្រើទឹកលាងដៃដែលមានជាតិអាល់កុល ត្រូវបរិភោគអាហារដែលចំអិនបានត្រឹមត្រូវ កាត់បន្ថយការចេញក្រៅ និងការជួបជុំគ្នាប្រសិនបើគ្មានការចាំបាច់ ហើយប្រសិនបើបងប្អូនប្រជាពលរដ្ឋចេញទៅខាងក្រៅត្រូវពាក់ម៉ាស់ ឬរុំក្រមាជានិច្ច ហើយត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ប្រសិនបើមានអាការៈគួឲ្យសង្ស័យ ដូចជា៖ ក្តៅខ្លួន ក្អក និងពិបាកដកដង្ហើមជាដើម ចំណែកប្រជាពលរដ្ឋណាដែលទើបត្រឡប់ពីបរទេសត្រូវរាយការណ៍ទៅអាជ្ញាធរភ្លាមៗ ដើម្បីធ្វើការពិនិត្យជៀសវាងការឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

សូមបញ្ជាក់ថា៖ បន្ទាប់ពីទទួលបាននូវវិធានការណ៍យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល គណៈកម្មការប្រយុទ្ធនឹងជំងឺ COVID-19 ខេត្ត បានធ្វើផ្សព្វផ្សាយយ៉ាងទូលំ ទូលាយនៅតាមសហគម និងតាមខ្នងផ្ទះអំពីសារអប់រំរបស់ក្រសួងសុខាភិបាល ដើម្បីបំផុសស្មារតីការចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជម្ងឺឆ្លងប្រភេទថ្មី COVID-19 ព្រមទាំងចុះ ឧបត្ថម្ភស្បៀង ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត បន្ទាប់ពីពួកគាត់រងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើងនៃជម្ងឺ Covid-19 នៅក្នុងខេត្ត បានចំនួន២ជំហ៊ានមកហើយ ដោយជំហ៊ានទី១ មានចំនួន ២៤៧គ្រួសារ និងជំហ៊ានទី២ ចំនួន ៣០៤គ្រួសារ សរុបទាំងអស់ចំនួន៥៥១គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម ត្រីខ ១យួរ និងទឹកត្រី១យួរ ផងដែរ៕







No comments:

Post a Comment

Pages