ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អមដំណើរដោយឯកឧត្តម លោកជំទាវ លោកឧកញ៉ា សមាជិក សមាជិកា គណៈកម្មាធិការសាខា លោកអភិបាលក្រុង សមាជិកយុវជនបក្សខេត្ត និងសប្បុរសជន បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនដល់ប្រជាការពារ និងអ្នកអនាម័យក្រុងព្រះសីហនុ ចំនួន ៦៤៧ គ្រួសារ។
នាឱកាសនោះដែរ ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បានថ្លែងការកោតសរសើរចំពោះប្រជាការពារ និងអ្នកអនាម័យក្រុងព្រះសីហនុទាំងអស់ ចំពោះការខិតខំប្រឹងប្រែងបំពេញការងារដោយមិនគិតពីថ្ងៃឈប់សំរាកក្នុងការចូលរួមចំណែករៀបចំសណ្តាប់ធ្នាប់ក្រុង ភូមិ ឃុំ និងការសំអាតអនាម័យបរិស្ថាន នៅតាមតំបន់ឆ្នេរ និងតាមទីសាធារណៈនានា ដែលទាំងអស់នេះពិតជាមិនអាចខ្វះការចូលរួមពីបងប្អូនបានឡើយ។
ឯកឧត្តម ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះសីហនុ និងឯកឧត្តម ជាម ហ៊ីម អនុប្រធានកិត្តិយសសាខា ជាពិសេសពីសំណាក់សម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់ រួមសុខ រួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ រឺនិន្នាការ នយោបាយអ្វីឡើយ។
ជាមួយគ្នានេះដែរ ឯកឧត្ដម ក៏សូមថ្លែងអំណរគុណដល់សប្បុរសទាំងអស់ ដែលតែងតែចូលរួមចំណែកជាមួយសាខាកាកបាទក្រហមខេត្ត ទាំងសម្ភារ ថវិកា ពេលវេលា ដើម្បីជួយទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌ ចែករំលែកដល់បងប្អូនប្រជាពលរដ្ឋ ក្នុងពេលជួបការលំបាកផេ្សងៗ។
អំណោយដែលចែកជូនក្នុងមួយគ្រួសារទទួលបាន៖
អង្ករ ១បាវ
ត្រីខកំប៉ុង ១យួរ =១០កំប៉ុង
មី ១កេសតូច
ពងមាន់ ៣០គ្រាប់
ថវិកា ៥០,០០០ ៛ (ប្រាំម៉ឺនរៀល)៕
No comments:
Post a Comment