ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ម្តាយមីងក្មេងស្រីរងគ្រោះ ខណៈទៅទាន់ពួកគេទាំង២នាក់ ដែលជាសង្សារគ្នា កំពុងរួមរ័ក្សនឹងគ្នា ។ 


ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នៅចំណុចឃ្លាំងផ្ញើររថយន្តនិងម៉ូតូ ភូមិត្រពាំងសំព័រ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ 


សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ប៉ែន វីរៈ ហៅប៉ូយ ភេទប្រុស​ អាយុ២០ឆ្នាំ ជានិស្សិត ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកើតហេតុខាងលើ ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ទ.ច.ន អាយុ១៤ឆ្នាំ ។ 


តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ក្នុងអំឡុងខែតុលា ឆ្នាំ២០២០ ជនរងគ្រោះនិងជនស្ស័យ ជាអ្នកភូមិនិងជាសង្សារនឹងគ្នា ហើយជនសង្ស័យបានលួងលោមជនរងគ្រោះ រួមរ័ក្សជាមួយគ្នា បានសម្រេច០១លើក នៅក្រោយផ្ទះជនរងគ្រោះ ។ លុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ម៉ោងប្រហែល១១ និង៣០នាទីយប់ ជនសង្ស័យបានណាត់ជនរងគ្រោះ នៅចំណុចឃ្លាំងផ្ញើររថយន្តនិងម៉ូតូខាងលើ រួមរ័ក្សជាមួយគ្នាបានសម្រេច០១លើកទៀត ហើយក៏ត្រូវមីងបង្កើតជនរងគ្រោះតាមទាន់ ស្រែកឆោឡោ ទើបជនសង្ស័យប្រញាប់រត់គេចខ្លួនចេញពីកន្លែងកើតហេតុ ។ រហូតដល់ថ្ងៃទី០៣ ខែមីនា ដដែល ជនសង្ស័យបានត្រឡប់មកផ្ទះវិញ ក៏ត្រូវមីងបង្កើតជនរងគ្រោះចាប់ឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍គោករកា និងដាក់ពាក្យបណ្តឹងតែម្តង ។ 


បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍គោករកា  ធ្វើការសាកសួរ និងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត៕