(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាព្រលប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ បានបន្តលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលទើបនឹងវិលត្រឡប់មកពីប្រទេសថៃ គួរយកចំណេះជំនាញដែលមាន ដើម្បីមកធ្វើការនៅតាមបណ្តាក្រុមហ៊ុន សហគ្រាស និងរោងចក្រនានាក្នុងស្រុកវិញ ចៀសវាងបន្តការធ្វើចំណាកស្រុក ពីព្រោះទីផ្សារពលកម្មក្នុងស្រុក កំពុងតែត្រូវការបងប្អូន ក្រោយពីស្ថានភាពកូវីដ១៩ បានធូរស្រាល។
លោកបានលើកឡើងបែបនេះ ក្នុងឱកាសចុះជួបសំណេះសំណាល និងសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលទើបតែវិលត្រឡប់មកពីប្រទេសថៃ ចំនួន១១៨នាក់ ហើយត្រូវបាននឹងកំពុង ដាក់ឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាទន្លេអុំ ស្ថិតក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ឯកឧត្តម ម៉ៅ ធនិន បានថ្លែងថា នេះគឺជាព្រលប់ទី៣ហើយ ដែលឯកឧត្តម បានចុះជាបន្តបន្ទាប់ ដើម្បីចង់ដឹងពីសុខទុក្ខ និងបញ្ហាប្រឈម បងប្អូនប្រជាពលរដ្ឋយើង នៅតាមមណ្ឌលចត្តាឡីស័កនានាក្នុងខេត្ត ជាក់ស្តែងនាព្រលប់ថ្ងៃទី១៩ នៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាទួលគ្រួស ស្ថិតក្នុងសង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ចំនួន៨៦នាក់, នាព្រលប់ថ្ងៃទី២០ម្សិលមិញ នៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាកំពែង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ចំនួន១៦២នាក់ និងនាព្រលប់ថ្ងៃទី២១នេះ នៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សាទន្លេអុំ ស្ថិតក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង ចំនួន១១៨នាក់។
ឯកឧត្តមបានធ្វើការណែនាំ ទៅដល់បងប្អូនពលករទាំងអស់ សូមប្រកាន់ភ្ជាប់ និងចូលរួមអនុវត្តឱ្យបានត្រឹមត្រូវបំផុត តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការ «៣កុំ និង៣ការពារ» របស់សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកំពុងតែឆ្លងចូលសហគមន៍របស់យើង។
ឯកឧត្តមអភិបាលខេត្ត បានជម្រាបជូនពីការរីកចម្រើនលើគ្រប់វិស័យ និងសមិទ្ធផល សម្រេចបាននៅក្នុងខេត្ត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានលះបង់កម្លាំងកាយចិត្ត តស៊ូរហូតទទួលបានសុខសន្តិភាពមកទល់បច្ចុប្បន្ន។
ជាមួយគ្នានោះ ឯកឧត្តមក៏បានជម្រាបជូនបន្ថែម អំពីការតម្រូវការទីផ្សារពលកម្ម នៅតាមក្រុមហ៊ុន សហគ្រាស និងរោងចក្រ ដែលមាននៅក្នុងខេត្ត ជាពិសេសក្រោយពីស្ថានភាពជំងឺកូវីដបានធូរស្បើយ។ ឯកឧត្តមក៏បានចាត់ឱ្យថ្នាក់ដឹកនាំ មន្ទីរការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្តពោធិ៍សាត់ ត្រូវធ្វើការជាមួយបងប្អូនយើង ដើម្បីឱ្យពួកគេមានឱកាស យកចំណេះជំនាញដែលពួកគេមាន អាចមកធ្វើការនៅតាមបណ្តាក្រុមហ៊ុន សហគ្រាស និងរោងចក្រនានាក្នុងខេត្តយើងបាន ជៀសវៀងការធ្វើចំណាកស្រុកទៅក្រៅប្រទេសបន្តទៀត និងសូមកុំឱ្យមានការផ្លាស់ប្តូរលេខទូរស័ព្ទដែល កំពុងតែប្រើនេះ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បាននាំយកវត្ថុកំដរដៃ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងដាក់ឱ្យធ្វើចត្តាឡីស័ក ចំនួន១១៨នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន មី១កេស ទឹកសុទ្ធ៥ដប ត្រីខ១យួរ និងនំមួយកញ្ចប់ស្មើ២គីឡូក្រាមផងដែរ៕
No comments:
Post a Comment