អាជ្ញាធរខេត្តកំពង់ឆ្នាំង នាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនគ្រួសារងាយរងគ្រោះ នៅសង្កាត់ផ្សារឆ្នាំង ក្នុងអំឡុងពេលកូវីដ-១៩ - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, March 25, 2021

អាជ្ញាធរខេត្តកំពង់ឆ្នាំង នាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនគ្រួសារងាយរងគ្រោះ នៅសង្កាត់ផ្សារឆ្នាំង ក្នុងអំឡុងពេលកូវីដ-១៩

ខេត្តកំពង់ឆ្នាំង៖ លោកជំទាវបណ្ឌិត វណ្ណលុយ អនុប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង  ផ្តល់អំណោយដល់គ្រួសារងាយរងគ្រោះចំនួន៦គ្រួសារ នៅសង្កាត់ផ្សារឆ្នាំង ក្នុងអំឡុងពេលកូវីដ-១៩ ត្រូវបាន ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង នាំយកទៅចែកជូនដល់ប្រជាពល រដ្ឋងាយរងគ្រោះ នៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។


ពិធីចែកអំណោយបានធ្វើនៅថ្ងៃទី២៤ខែមីនា ឆ្នាំ២០២១ នៅវត្តត្រពាំងបី ក្រុងកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក សរ លាង ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន លោក ឌឹម ឌន សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងមានការនិមន្តចូលរួមព្រះអង្គប៉ុណ្យ ប៊ុនជីង ព្រះសមុហ៍គណខេត្តកំពង់ឆ្នាំង ព្រះអង្គ នុច មុនី ព្រះលេខាគណខេត្ត និងអាជ្ញាធរដែនដី ផងដែរ។


 ​​ឯកឧត្តម អម សុភា បានមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលមកទទួលអំណោយនាពេលនេះ មានចំនួន៦គ្រួសារ ជាគ្រួសារងាយរងគ្រោះ ជួបការលំបាក ដែលបានរងនូវផលប៉ះពាល់ជីវភាពក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩។ អំណោយដែលផ្តល់ជូនប្រជាពល រដ្ឋនាពេលនេះ គឺជាអំណោយរបស់លោកជំទាវបណ្ឌិត វណ្ណ លុយ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមដោះស្រាយការលំបាកក្នុងអំឡុងពេលនៃការរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។


 ឯកឧត្តមបានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវបណ្ឌិត វណ្ណ លុយ ដែលជានិច្ចកាលតែងតែបានបរិច្ចាគនូវធនធានមួយចំនួន សម្រាប់ជួយដល់ប្រជាពល រដ្ឋក្នុងគ្រាលំបាកនេះ ។នៅក្នុងបរិបទថ្មីនេះ ប្រជាពលរដ្ឋត្រូវតែចូលរួមនូវវិធានការអនាម័យរបស់ក្រសួងសុខាភិបាល នូវការរីករាលដាលជាសកលនូវជំងឺកូវីដ-១៩ដែលបច្ចុប្បន្នជំងឺនេះកំពុងតែរីករាលដាលនៅពាសពេញពិភពលោក។


ក្នុងនោះកម្ពុជាក៏បាននិងកំពុងទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩នេះផងដែរ។ ដូច្នេះសូមបងប្អូនត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា និង ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ តាមរយៈពាក់ម៉ាស លាងសម្អាតដៃជាមួយអាល់កុល សាប៊ូ ជែល និង មានគម្លាតសុវត្ថិភាព ពិសេសគឺអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ។


អំណោយរបស់លោកជំទាវបណ្ឌិត វណ្ណ លុយ ដែលបានផ្តល់ជូននាពេលនេះចំនួន៦គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ២០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ មី១កេស ត្រីខ១យួរ និងថវិកា ២ម៉ឺនរៀលផងដែរ៕





 

No comments:

Post a Comment

Pages