នៅរសៀលថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីដាក់ផែនការក្នុងការផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរចំនួន៣៦តូប នៅក្នុងផ្សារលើ ក្រុងព្រះសីហនុ ដែលមានការពាក់ព័ន្ធជាមួយនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកលោកស្រី ប្រធានមន្ទីរអង្គភាព និងប្រធានគ្រប់គ្រងទីផ្សារ ផងដែរ។


នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បើកកិច្ចប្រជុំដោយបាន លើកឡើងអំពីករណីនៃការរកឃើញអាជីវករលក់គ្រឿងសមុទ្រនៅផ្សារលើចំនួន០២នាក់ដែលមានវិជ្ជមានជំងឺកូវីដ-១៩ ដូច្នេះយើងត្រូវផ្អាកជាបណ្តោះអាសន្ននូវតូបលក់ដូរចំនួនចំនួន៣៦តូបនៅក្បែរនោះ ដោយមិនបិទផ្សារទាំងមូលនោះឡើយ និងត្រូវស្រង់ស្ថិតិអ្នកដែលមានការពាក់ព័ន្ធជាមួយនឹងអ្នក វិជ្ជមានជំងឺកូវីដ-១៩ ដើម្បីយកសំណាក។ 


ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវវិធានការ និងគោលការណ៍ណែនាំដូចខាងក្រោម៖


-កំណត់បែងចែកផ្សារលើជា០៥ប្លុកធំៗដើម្បីធ្វើការគ្រប់គ្រង និងដាក់គោលដៅត្រួតពិនិត្យចំនួន១៦ គោលដៅ 

-ហ៊ុំព័ទ្ធទីតាំងតូបលក់ដូរទាំង៣៦តូបដែលមានការពាក់ព័ន្ធជាមួយនឹងអ្នក វិជ្ជមានជំងឺកូវីដ-១៩ ដោយកំណត់ជាតំបន់ចត្តាឡីស័ក

-ដាក់ស្លាក«ទីនេះធ្លាប់មានអ្នកវិជ្ជមានជំងឺកូវីដ-១៩» នៅតាមច្រកគោលដៅត្រួតពិនិត្យទាំង១៦ គោលដៅ 

-រៀបចំសណ្តាប់ធ្នាក់របៀបរៀបរយនៅជុំវិញផ្សារលើ

-បញ្ជូនក្រុមការងារចុះបាញ់ថ្នាំសម្លាប់មេរោគ និងលាងសម្អាតផ្សារលើទាំងមូល

-ដាក់ទូរបាញ់អាល់កុលសម្លាប់មេរោគនៅច្រកចេញចូលធំៗចំនួន០៤ នៅក្នុងផ្សារលើ

-ពន្យល់ណែនាំដល់អាជីវករ និងប្រជាពលរដ្ឋដែលចេញចូលផ្សារត្រូវពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព និងប្រើប្រាស់អាកុល ជែលគ្រប់ពេល

-ត្រូវចងខ្សែគម្លាតសុវត្ថិភាពនៅតាមតូបលក់ដូរ ដោយហាមដាច់ខាតអ្នកលក់ និងអ្នកទិញមិនត្រូវប៉ះពាល់គ្នាដោយផ្ទាល់នោះឡើយ ហើយសកម្មភាពនៃការលក់ដូរ នៅពេលប្រគល់ទទួលទំនិញ និងលុយ ត្រូវទុកដាក់នៅលើតុចំពាក់កណ្តាលនៃ ខ្សែបន្ទាត់សុវត្ថិភាព ដោយបាញ់អាកុលជាមុនសិន មុនពេលទទួលយក  

-សូមលើកទឹកចិត្តក្នុងការប្រើប្រាស់ប្រព័ន្ធធនាគារក្នុងការទូទាត់ថ្លៃទំនិញ ដើម្បីកាត់បន្ថយការប្រើប្រាស់លុយសុទ្ធ ដែលជាហានិភ័យក្នុងការចម្លងជំងឺកូវីដ-១៩  

-ពន្យល់ដល់អាជីវករត្រូវចូលរួមអនុវត្តតាមការណែនាំ ដើម្បីរក្សាផលរបររបស់បងប្អូន ជាជាងការបិទផ្សារទាំងមូល (ស៊ូលំបាកបន្តិច ប្រសើរជាងលំបាកធ្ងន់ធ្ងរ)។


ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តវិធានការណ៍នានារបស់ក្រសួងសុខាភិបាល ជាពិសេសគោលការណ៍ ៣កុំ និង៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវទាំងអស់គ្នាដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕