តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ ពីមន្ទីរសេដ្ឋកិច្ច និងហិរញវត្ថុខេត្ត និងរតនាគារខេត្ត សម្រាប់ចូលរួមគាំទ្រយុទ្ធនាការប្រយុទ្ធ ប្រឆាំងជម្ងឺកូវីដ-១៩នៅមូលដ្ឋានខេត្ត។


ក្នុងឱកាសទទួលអំណោយនេះផងដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមាន ប្រសាសន៍ដោយថ្លែងអំណរគុណចំពោះលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងសហការី និងលោកប្រធានរតនាគារខេត្ត និងសហការី ដែលបាននាំយកអំណោយ មកផ្តល់ជូនដល់រដ្ឋបាលខេត្ត ដើម្បីខេត្តបានចាត់ចែងចែកបន្តទៅដល់បងប្អូន ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងពលរដ្ឋកំពុងតែធ្វើចត្តាឡីស័កតាមមណ្ឌលចត្តាឡីស័ក នៅក្នុងអំឡុងកូវីដ១៩នេះ ហើយតាមរយៈសកម្មភាពនេះ គឺជាការចែករំលែកនឹងចេះជួយ គ្នាក្នុងគ្រាលំបាក។


ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ូច ភា ក៏បានជូនពរទៅដល់លោកប្រធាន និងសហការីទាំងអស់ សូមទទួលបាននូវសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ និងជៀសផុតពីជំងឺឆ្លងចង្រៃ។


សូមបញ្ជាក់ដែរថាអំណោយទទួលបានមាន៖ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត មីចំនួន ៥០កេស ទឹកបរិសុទ្ធ ៥០កេស ទឹកស៊ីអ៊ីវ ២៥យួរ ទឹកត្រី ២៥យួរ និងរតនាគារខេត្ត មាន៖ មីចំនួន ៥០កេស ទឹកបរិសុទ្ធ ៥០កេស ទឹកស៊ីអីវ២៥យួរ និងទឹកត្រី២៥យួរ ៕