ព្រឹកថ្ងៃចន្ទទី១០ ខែឧសភា ឆ្នាំ២០២១ នេះ ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្តក្រចេះ បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន៤គ្រួសារ នៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។


នាឱកាសនោះ ឯកឧត្តម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ ប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ សម្ដេចក៏តែងតែមានការព្រួយបារម្មណ៍ ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាក់ស្តែងបងប្អូនដែលកំពុងទទួលរងគ្រោះថ្នាក់ដោយសារគ្រោះធម្មជាតិនាពេលនេះ។


អំណោយដែលផ្តល់ជូនគ្រួសាររងគ្រោះ ក្នុង១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ១យួរ អាវយឺត៤ និងថវិកា៥០.០០០រៀល៕