កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោកជំទាវ ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខា លោក ប្រាក់ សោភ័ណ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកវេជ្ជបណ្ឌិត ទុំ សម្បត្ដិ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានចុះសាកសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហម ផ្តល់ជូនដល់ស្រ្តីរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពុងឆ្នាំង។


មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អម សុភា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជួបការលំបាកគ្រប់ទីកន្លែងដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាកានយោបាយអ្វីឡើយ និងរស់ប្រកបដោយអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាតជានិច្ច។


ឯកឧត្តម អម សុភា ក៏បានផ្តាំផ្ញើដល់គ្រួសាររងគ្រោះត្រូវអនុវត្តតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ និងខិតថែទាំសុខភាព ព្រមទាំងរក្សាអនាម័យអោយបានជាប់ប្រចាំដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ ដោយអនុវត្ត តាមអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល៣ការពារ និង៣កុំ និង វិធានការរបស់ក្រសួងសុខាភិបាលអោយបានជាប់ជាប្រចាំ។


ឯកឧត្តម ក៏បានផ្តល់ជូនអំណោយមនុស្សធម៌រួមមាន៖ អង្ករ ២៥គីឡូក្រាម មីម៉ាម៉ា០១កេស ត្រីខ១០កំប៉ុង ឃីដចំនួន ០១មាន មុង០១ ភួយ០១ ក្រមា០១ សារុង០១ និងថវិកាចំនួន ៥០០០០រៀល។


បើតាមការបញ្ជាក់ពីប្តីស្រ្តីរងរបួសធ្ងន់មានឈ្មោះ អុឹម អែម អាយុ ២២ ឆ្នាំ និងគាត់ជាប្តីមានឈ្មោះ យីម ចឺតអាយុ ២០ឆ្នាំ អ្នកទាំងពីរស់នៅក្នុងឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ មូលហេតុស្រ្តីរងគ្រោះដើរដួលប៉ះឈើកំពុងតែមានផ្ទៃពោះបណ្តាលឱ្យកកឈាម និងស្លាប់កូនក្នុងផ្ទៃហើយបានចូលមកសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តរយៈពេល០៣ថ្ងៃ ត្រូវបានក្រុមគ្រូពេទ្យធ្វើការវះកាត់ជួយសង្គ្រោះបានទាន់ពេល៕