អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំមន្រ្តីជំនាញចុះពិនិត្យគម្រោងរៀបចំទីលានចាក់សំរាមថ្មីមួយកន្លែង​ ស្ថិតនៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, June 8, 2021

អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំមន្រ្តីជំនាញចុះពិនិត្យគម្រោងរៀបចំទីលានចាក់សំរាមថ្មីមួយកន្លែង​ ស្ថិតនៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ

នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យគម្រោងរៀបចំទីលានចាក់សំរាមថ្មីមួយកន្លែង​ ស្ថិតនៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ។


ក្នុងឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តម បានមានប្រសាសន៍ថា ចំពោះ​គម្រោង​ពង្រីក​ទីលាន​ចាក់​សំរាម​ដែលអាជ្ញាធរខេត្តរួមជាមួយនឹងជំនាញបរិស្ថាន​ ចុះពិនិត្យដោយផ្ទាល់នៅថ្ងៃនេះ មានទំហំ​ដីប្រមាណជា​៥០ហិកតា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ។ ទីតាំងនេះមានលក្ខណៈសម្បត្តិសមស្របតាមគោលការណ៍របស់ក្រសួងបរិស្ថាន ក្នុងប្រែក្លាយជាទីលានចាក់សំរាមហើយទីតាំងនេះ នៅឆ្ងាយពីភូមិ ដែលមិនបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។


ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់​ថា​ រដ្ឋបាលខេត្ត​នឹងធ្វើការស្នើសុំលាយលក្ខណ៍អក្សរទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បី​បង្វែរ​ដី​នៅ​តំបន់​នោះ​ ឲ្យ​ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត។ នៅពេលខាងមុខ ប្រសិនបើគម្រោងនេះកើតឡើង ស្រុកជើងព្រៃ ស្រុកបាធាយ និងស្រុកព្រៃឈរ នឹងចាក់សំរាមនៅតំបន់នេះ​ ដែល​នៅជិត​ងាយស្រួលមិន​ចាំបាច់ទៅឆ្ងាយ។


គួរបញ្ជាក់ថា បច្ចុប្បន្ន​ ខេត្តកំពង់ចាម មានទីលានចាក់សំរាមមួយកន្លែងនៅក្នុងឃុំបុសខ្នុរ​ ស្រុកចំការលើ ដែលមានទំហំដី ១០ ហិកតា។ ហើយកន្លងទៅ រដ្ឋបាលខេត្ត បានទទួលម៉ូតូ​កង់បី និងរថយន្តដឹកសំរាម ជាច្រើនគ្រឿង​ ពីឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងត្រូវបានរដ្ឋបាលខេត្តធ្វើការបែងចែក ជូនរដ្ឋបាលស្រុកដែលមានប្រជុំជនធំៗ សម្រាប់​ប្រើប្រាស់ក្នុងការប្រមូលសំរាម សំដៅធ្វើយ៉ាងណាឲ្យសហគមន៍មានបរិស្ថានល្អ ពិសេស​នៅតាមប្រជុំជនធំៗ៕




 

No comments:

Post a Comment

Pages