នៅរសៀលថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងឯកឧត្ដមអភិបាលរងខេត្ត បានអញ្ជើញទទួលអំណោយឧបត្ថម្ភជាគ្រឿងបរិក្ខារពេទ្យ ពីសប្បុរសជនជូនគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩។


ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះសមាគមន៍ចិន PUNDARIKA CHARITY, OVERSEAS CHINESE CHARITY FOUNDATION OF CHINA, ASSOCIATION DEVELOPMENT INDUSTRY & COMMERCE ZHE JIANG នៅកម្ពុជា និងក្រុមហ៊ុន East ASIA JIAYUAN Real Estate Co, LTD ដែលបានឧបត្ថម្ភ នូវឧបករណ៍ម៉ាស៊ីនផលិតអុកស៊ីសែន ចំនួន ០៥គ្រឿង និងសម្ភារៈបរិក្ខាពេទ្យមួយចំនួនទៀត ជូនដល់គណៈកម្មការខេត្តប្រយុទ្ធនឹងជម្ងឺកូវីដ ១៩ ដើម្បីយកទៅប្រើប្រាស់ក្នុងយុទ្ធនាការ ប្រយុទ្ធនឹងជម្ងឺកូវីដ ១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម ពិសេសបម្រើដល់ការបង្កើនសមត្ថភាពបន្ថែមដល់មន្ទីរពេទ្យមេគង្គកំពង់ចាម ដែលទទួលបន្ទុកក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មកនោះ។ 


ឯកឧត្តម ប្រធានគណៈកម្មការខេត្ត ប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ បានចាត់ទុកថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនរដ្ឋបាលខេត្ត នាពេលនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរដ្ឋបាលខេត្ត ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខណៈដែលយើងទាំងអស់គ្នា កំពុងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺ ដ៏កាចសាហាវ មួយនេះ៕