មណ្ឌលគិរី៖ នាថ្ងៃអាទិត្យទី០៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញ និងអាជ្ញាធរស្រុក បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងនគរបាល និងយោធា ដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែន ត្រង់ចំណុចប៉ុស្តិ៍ អូរហ៊ុយ ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកអូររាំង និងស្រុកកែវសីមា ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ និងទប់ស្កាត់បទល្មើសធនធានធម្មជាតិនានា តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ នឹងក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះកងកម្លាំងនគរបាល និងយោធា ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងការពារសន្តិសុខសណ្តាប់ធ្នាប់តាមខ្សែបន្ទាត់ព្រំដែន នៃប្រទេសជិតខាងឲ្យមានលក្ខណៈល្អប្រសើរ។
ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់កងកម្លាំងទាំងអស់ ជាពិសេស មេប៉ុស្តិ៍អូរហ៊ុច ដែលទើបចូលកាន់មុខដំណែងថ្មី ត្រូវទទួលខុសត្រូវក្នុងការដឹកនាំ ការគ្រប់គ្រងកម្លាំង និងការអនុវត្តឲ្យបានម៉ឺងម៉ាត់នូវបញ្ជារបស់អង្គភាព ក៏ដូចជា បទបញ្ជារបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ចៀសវាងធ្វើអ្វីផ្ទុយពីច្បាប់ ដែលអាចរងគ្រោះដល់ខ្លួនឯង ម្យ៉ាងទៀត ត្រូវចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ក្នុងការបំពេញភារកិច្ច ការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិ ត្រូវសហការជាមួយកងកម្លាំងកងវិស្វកម្ម ដែលមានភារកិច្ចកសាងផ្លូវខ្សែបន្ទាត់ព្រំដែនខេត្តមណ្ឌលគិរី (កម្ពុជា) និងជាប់ខេត្តបី នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម មានប្រវែង៣១៤គីឡូម៉ែត្រ ឲ្យទទួលបានជោគជ័យ។
បន្ថែមលើសនេះ ឯកឧត្តម បានណែនាំដល់កងកម្លាំងនគរបាល និងយោធា ដែលប្រចាំការនៅគោលដៅនីមួយៗ តាមខ្សែបន្ទាត់ព្រំដែន ត្រូវបង្កើនការយកចិត្តទុកដាក់ និងរឹតបន្តឹងលើការឆ្លងដែនខុសច្បាប់ ក្នុងការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជៀសវាងមានប្រជាពលរដ្ឋឆ្លងដែនគេចពីការត្រួតពិនិត្យសុខាភិបាល អាចនាំហានិភ័យចម្លងជំងឺចូលក្នុងសហគមន៍។ ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាមន្រ្តីរាជការទាំងអស់ ដែលមានប្រវត្តិប៉ះពាល់ដោយផ្ទាល់ ឫប្រយោលជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ១៩ សូមរួសរាន់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ឯមណ្ឌលសុខភាព ដែលនៅជិតកន្លែងបងប្អូនរស់នៅ ឫរាយការណ៍ជូនទៅអាជ្ញាធរជាបន្ទាន់ ជាពិសេស ត្រូវចូលរួមអនុវត្តឲ្យបានខ្ជប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដេីម្បីចែកជូនដល់កងកម្លាំងនគរបាល កងកម្លាំងយោធាកាពារព្រំដែន សរុបចំនួន ២៥គោលដៅ រួមមានះ អង្ករ ២,៣០០គីឡូក្រាម ,មី ៧០កេស ,ត្រីខ ៥កេសធំ, ទឹកស៉ីអ៉ីវ ៦០ដប, ទឹកត្រី ១៥០ដប, ប្រេងឆា ៦០លីត្រ, ប៊ីចេង ២០គីឡូក្រាម, ម៉ាស់ ៧០ប្រអប់, ជែល ២០ដប និងថវិកាសរុបចំនួន ១២,៥០០,០០០រៀល។
ដោយឡែក កងវិស្វកម្មធ្វផ្លូវខ្សែក្រវ៉ាត់ព្រំដែន ទទួលបានអង្ករ ១០០គីឡូក្រាម ត្រីខ ៣យួរ ម៉ាស់ ៣ប្រអប់ និងថវិកា ៥០ម៉ឺនរៀល ចំណែក កងកម្លាំងដែលយាមការពារអ្នកដែលជាប់ចត្តាឡីស័ក និងអ្នកជំងឺកំពុងសម្រាកព្យាបាលនៅក្នុងឃុំស្រែខ្ទុម ស្រុកកែវសីមា ឧបត្ថម្ភថវិកា ២លានរៀល សម្រាប់ជួយសម្រួលដល់ការហូបចុកប្រចាំថ្ងៃ និងការពារជំងឺកូវីដ-១៩ផងដែរ៕
No comments:
Post a Comment