ខេត្តតាកែវ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅព្រឹកថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១នេះ បានបន្ដនាំយកថវិការបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋកមន្ដ្រីកម្ពុជា ទៅប្រគល់ជូនលោកយាយ អាយុ ១០០ឆ្នាំ ដែលបានស្មគ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទទួលបានថវិកាចំនួន ៣លានរៀល និងសម្ភារៈជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ដោយមានការចូលរួមដោយ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង និង លោកវេជ្ជបណ្ឌិត វង សារ៉ា ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកោះអណ្ដែត ព្រមទាំងថ្នាក់ដឹកពាក់ព័ន្ធ។


លោកយាយដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំង ហើយទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន នាឱកាសនេះ លោកយាយឈ្មោះ ផាត់ ញ៉ែម អាយុជាង ១០០ឆ្នាំ រស់នៅភូមិជ្រែ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ បានស្ម័គ្រចិត្តចាក់វ៉ាក់សាំង ការពារ និងបង្ការជំងឺកូវីដ១៩ កាលពីថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០២១។


ថ្លែងក្នុងឱកាសនោះ លោកស្រី ឱ វណ្ណឌីន បាននាំនូវការផ្ដាំផ្ញើសាក សួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូន លោកយាយ ព្រមទាំង កូន ចៅ ចៅទួត ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាពរបស់ លោកយាយ ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ។


ឆ្លៀតក្នុងឱកាសនោះដែរ លោកយាយ ផាត់ ញ៉ែម ដែលមានអាយុ ១០០ឆ្នាំក៏ពិតមែន ប៉ុន្ដែស្ថានភាពសុខភាពនៅមាំទាំ បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ដើម្បីបង្ការជំងឺកូវីដ១៩ ហើយលោកយាយផ្ទាល់ក៏បានទទួលនូវវ៉ាក់សាំងនេះ បូកទាំងអំណោយរបស់សម្ដេចថែមទៀត៕