ប៉ៃលិន៖ នៅសាលាខេត្តប៉ៃលិន រសៀលថ្ងៃទី១៥ ខែឆ្នូ ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានអនុញ្ញាតឱ្យលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារមួយចំនួន ស្តីពីនីតិវិធី ពាក់ព័ន្ធនឹងកិច្ចដំណើរការ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី ៥ នាពេលខាងមុខ។


លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ តាមច្បាប់ស្ដីពីការបោះឆ្នោត ត្រង់មាត្រាទី៤៤ បានចែងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ត្រូវផ្ដល់សុពលភាព និងប្រកាសផ្សព្វផ្សាយបញ្ជីឈ្មោះបោះឆ្នោតផ្លូវការ ៩០ថ្ងៃ យ៉ាងតិចមុនថ្ងៃបោះឆ្នោត តាមប្រតិទិន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ហើយការផ្ដល់សុពលភាព និងប្រកាសផ្សព្វផ្សាយបញ្ជីបោះឆ្នោតផ្លូវការ គឺថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២។


លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ហេតុអ្វីបានជា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) មិនព្រមលើកពេល នៃការពិនិត្យឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ក្នុងបរិបទនៃការឆ្លងរីករាលដាល នៃជម្ងឺកូវីដ-១៩ យ៉ាងខ្លាំងក្លានៅទូទាំងប្រទេស ព្រោះដោយសារច្បាប់ បទបញ្ជា នីតិវិធី និងបទដ្ឋានគតិយុត្តិ តម្រូវឱ្យអនុវត្តយ៉ាងដូចនេះ ទើបការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ មិនអាចលើកបាន ហើយបានបញ្ចប់ទៅដោយជោគជ័យតាមការគ្រោងទុក គឺមានរយៈពេល៥០ថ្ងៃ ចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។


លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍បន្តថា៖ ការបោះឆ្នោត គឺមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសប្រកាន់ របបលទ្ធិប្រជាធិបតេយ្យ ហើយបើប្រជាពលរដ្ឋណាម្នាក់ មិនមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត គឺពលរដ្ឋនោះ ត្រូវបាត់បង់នូវសិទ្ធិចូលរួមបោះឆ្នោត ដើម្បីបង្ហាញពីឆន្ទះរបស់ខ្លួន ដូច្នេះលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ត្រូវសហការ ជាមួយគ្រប់ភាគីពាក់ព័ន្ធ ធ្វើការផ្សព្វផ្សាយ អោយ បានទូលំទូលាយដល់ប្រជាពលរដ្ឋ ដើម្បី ត្រៀមលក្ខណៈសម្បត្តិអោយបានគ្រប់គ្រាន់ ដូចជា៖ អត្តសញ្ញាណបណ្ណ ឬលិខិតបញ្ជាក់អត្តសញ្ញាណ និងឯកសារពាក់ព័ន្ធនានា សម្រាប់ការចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី ៥ នាពេលខាងមុខ។


សូមបញ្ជាក់ថា៖ តាមសេចក្តីសម្រេចរាជរដ្ឋាភិបាលកម្ពុជា លេខ ៣១ សសរ ចុះថ្ងៃទី១ ខែមិនា ឆ្នាំ២០២១ បានកំណត់យកថ្ងៃសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី ៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២៕