រដ្ឋបាលខេត្តកណ្តាល រៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគឃុំ និងកម្មវិធីវិនិយោគស្រុកឆ្នាំ២០២១ - គេហទំព័រ សន្តិភាពថ្មី

Breaking

Tuesday, December 21, 2021

រដ្ឋបាលខេត្តកណ្តាល រៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគឃុំ និងកម្មវិធីវិនិយោគស្រុកឆ្នាំ២០២១

ខេត្តកណ្តាល៖ ដើម្បីអោយគម្រោងមានប្រសិទ្ធភាពតាមឃុំនីមួយៗត្រូវធ្វើរបាយការណ៍បង្ហាញពីសមិទ្ធផលនានា និងគម្រោងដែលបានអនុវត្តជាបណ្ដើរៗ ដើម្បីអោយមានការរីកចម្រើនបន្ថែមទៀត នេះជាការលើកឡើងរបស់ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២១ នៅសាលាស្រុកលើកដែក។ 


ឯកឧត្តមបានលើកឡើងថា៖សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគស្រុក-ឃុំឆ្នាំ២០២១ របស់រដ្ឋបាលស្រុក នាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងត្រូវបានកែសម្រួលចុងក្រោយដោយក្រសួងផែនការ និងលេខាធិការដ្ឋាន ដើម្បីផ្សារភ្ជាប់រវាងកម្មវិធីវិនិយោគរបស់ស្រុក-ឃុំ សង្កាត់ ទៅនិងកម្មវិធីវិនិយោគក្រុង ស្រុក និងរវាងក្រុង-ស្រុក ទៅកម្មវិធីវិនិយោគខេត្ត ដែលអាចគាំទ្រនិងឆ្លើយតបទៅនិងស្ថានភាពដែលតម្រូវការជាក់ស្តែងតាមលទ្ធភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ និងទាមទារអោយមានការគាំទ្រពីស្ថាប័ននិងអង្គភាពពាក់ព័ន្ធទាំងអស់។ 


ឯកឧត្តមបានបន្ថែមថា៖ ដើម្បីអោយសិក្ខាសាលាទទួលបានលទ្ធផលល្អប្រសើរ ឯកឧត្តមបានលើកទឹកចិត្តដល់ អង្គសិក្ខាសាលា ត្រូវរៀបចំគម្រោងជាអាតិភាពអោយបានត្រឹមត្រូវ និងទាន់ពេលវេលា ដោយឆ្លុះបញ្ចាំងអោយបានច្បាស់លាស់ អំពីអាទិភាពនានា ដែលបានលើកឡើងដោយប្រជាពលរដ្ឋនៅមូលដ្ឋានតាមរយៈដំណើរការរៀបចំកម្មវិធីវិនិយោគឃុំ និងគ្រប់មន្ទីរអង្គភាព ត្រូវត្រួតពិនិត្យមើលយន្តការ ក្នុងការធ្វើផែនការ និងការអនុវត្តគម្រោងអោយមានភាពរលូនដើម្បីជួយពង្រឹងតួនាទីរបស់ក្រុមប្រឹក្សាឃុំ។ 


ឯកឧត្តមបានបន្តថា នៅពេលបញ្ចប់សិក្ខាសាលា មន្ទីរអង្គភាព អង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះកិច្ចសន្យាជួយគាំទ្រ ត្រូវយកចិត្តទុកដាក់ យកកិច្ចសន្យានេះ បញ្ចូលទៅក្នុងផែនការសកម្មភាព ប្រចាំឆ្នាំ ២០២២ របស់ខ្លួន និងខិតខំអនុវត្តអោយមានប្រសិទ្ធភាព រាល់គម្រោងដែលមិនបានអនុវត្ត ត្រូវផ្តល់ព័ត៌មាន និងទំនាក់ទំនងគ្នាទៅវិញទៅមករវាងអ្នកគាំទ្រ និងក្រុមប្រឹក្សាឃុំ។ ចំពោះគម្រោងដែលគ្រប់ឃុំបានស្នើឡើង ប្រសិនបើ សិក្ខាសាលាថ្ងៃនេះ មិនទាន់ទទួលបានការគាំទ្រទេនោះ គឺត្រូវបន្តការពិភាក្សា ឬសម្របសម្រួលគ្នាសម្រាប់ ទទួលបានការគាំទ្រនៅពេលក្រោយទៀត និងសូមបន្ដការផ្សព្វផ្សាយអំពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ហើយស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវនេះនៅមានហានិភ័យខ្ពស់។ រដ្ឋបាលស្រុក -ឃុំត្រូវគិតគូពីគម្លាតសុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល។ 


លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែកបានលើកឡើងថា៖ គម្រោងដែលឃុំទាំង៧ បានស្នើឡើងសរុបមានចំនួន ៣០១គម្រោង

ចែកចេញជា ៥ផ្នែក រួមមាន៖ ១.ផ្នែកសេដ្ឋកិច្ចចំនួន៥៥គម្រោង ២.ផ្នែកកសង្គមកិច្ចចំនួន ៦៤គម្រោង ៣.ផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន និងគ្រោះមហន្តរាយចំនួន៥៤គម្រោង ៤.ផ្នែករដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈចំនួន ៧៧គម្រោង ៥.ផ្នែកយេនឌ័រចំនួន ២៥០គម្រោង ជាលទ្ធផលនៃសិក្ខាសាលានេះគម្រោងរបស់ឃុំដែលទទួលការគាំទ្រ សរុបមានចំនួន ១១០ លើ២៥០ ក្នុងនោះ ក្នុងគម្រោងទទួលបានការគាំទ្រ ៥៦ លើ២៥០គម្រោង ក្រៅគម្រោងទទួលបានការគាំទ្រ ៥៤ លើ២៥០គម្រោង។ ដោយឡែកគម្រោងរបស់ស្រុក ទទួលបានការគាំទ្រ ៦លើ៩០គម្រោង ក្នុងគម្រោង ទទួលបាន ៦លើ៩០គម្រោង៕







 

No comments:

Post a Comment

Pages