ខេត្តកែប, រសៀលថ្ងៃព្រហស្បតិ៍​ ទី​២៧​ ខែ​មករា​ ឆ្នាំ​២០២២ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភជូនដល់កងកម្លាំងនគរបាលការពារព្រំដែនទឹកវរៈលេខ៤៣០ប្រចាំខេត្តកែប ដើម្បីលើកទឹកចិត្តដល់កងកម្លាំងដែលចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណជូនប្រជាពលរដ្ឋកន្លងមក ភ្ញៀវជាតិ អន្តរជាតិដែលចូលមកទស្សនា សម្រាក លម្ហែកម្សាន្តលើទឹកដីខេត្តកែប និងត្រៀមការពារ រក្សាសណ្តាប់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននាពេលខាងមុខនេះ។


នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្ដមបណ្ឌិតអភិបាលខេត្ត បានពាំនាំនូវសេចក្តីផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយអត្ថន័យថ្លៃថ្លារបស់សម្តេចទាំងទ្វេរជូនដល់កងកម្លាំងទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងពីរតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាមន្រ្តីរាជការគ្រប់ប្រភេទ។


ក្រៅពីនេះផងដែរ ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ក៏បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់ប្អូនកងកម្លាំងក្នុងរយះពេលកន្លងមក និងសូមបន្តខិតខំប្រកបដោយស្មារតីទទួលខុសត្រូវបន្ថែមទៀត។ បន្ថែមពីនេះឯកឧត្ដម ក៏បានណែនាំដល់កងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ ៣ការពារ ៣កុំ ដើម្បីគេចផុតពីការឆ្លងជំងឺកូវីដ-១៩ និងជំងឺបំម្លែងគ្រប់ប្រភេទ។ អំណោយក្នុងឱកាសនោះរួមមាន៖ អង្ករ ៣តោន មី ៤០កេស  ម៉ាស ៥.០០០ម៉ាស ជែល ១.៥០០ដប និងថវិកា ២.០០០.០០០រៀល៕