ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃទិវាខួបកំណើត របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ញើសារគោរពជូនពរ ដល់សម្តេចវិបុលសេនាភក្តី សាយ ឈុំ នាឱកាសទិវាខួបកំណើត គម្រប់៧៧ឆ្នាំ ឈានចូល ៧៨ឆ្នាំ ដែលត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
សម្តេចក្រឡាហោម ស ខេង តាងនាមឱ្យថ្នាក់ដឹកនាំមន្ត្រីរាជការស៉ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សូមចូលរួមសម្តែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅ ប្រកបដោយសេចក្តីសោមនស្សរីករាយក្រៃលែង ក្នុងឱកាសដ៏សិរីមង្គលថ្លៃថ្លានេះ។
ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម ស ខេង សូមសម្តែងនូវការគោរពដ៏ស្មោះស្ម័គ្រចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងបានខិតខំប្រឹងប្រែងយកអស់កម្លាំងពលំ និងប្រាជ្ញាស្មារតី ដឹកនាំស្ថាប័នព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានសមិទ្ធផល និងជោគជ័យដ៏ត្រចះត្រចង់ជាបន្តបន្ទាប់ បម្រើដល់ឧត្តមប្រយោជន៍របស់ប្រជាជន និងសង្គមជាតិ។
ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្លៃថ្លា ជូនសម្តេចវិបុលសេនាភក្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ៕
No comments:
Post a Comment