អភិបាលខេត្តត្បូងឃ្មុំ កោតសរសើរមន្ទីរកសិកម្មខេត្ត ដែលខិតខំជំរុញឱ្យផលិតកម្មវិស័យកសិកម្ម ទទួលបានដល់៤៩០លានដុល្លា ចូលរួមជួយកំណើនសេដ្ឋកិច្ចសម្រាប់ខេត្ត ក្នុងឆ្នាំ២០២១កន្លងទៅ - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, February 25, 2022

អភិបាលខេត្តត្បូងឃ្មុំ កោតសរសើរមន្ទីរកសិកម្មខេត្ត ដែលខិតខំជំរុញឱ្យផលិតកម្មវិស័យកសិកម្ម ទទួលបានដល់៤៩០លានដុល្លា ចូលរួមជួយកំណើនសេដ្ឋកិច្ចសម្រាប់ខេត្ត ក្នុងឆ្នាំ២០២១កន្លងទៅ

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដែលជំរុញឲ្យមានកំណើនគ្រប់មុខផលិតកម្មកសិកម្ម ដែលតម្លៃផលិតកម្មកសិកម្មទាំងមូលក្នុងខេត្តមានរហូតដល់ ៤៩០លានដុល្លាអាមេរិក នៅឆ្នាំ២០២១កន្លងមកនេះ។ 


មានប្រសាសន៍បែបនេះ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលាខេត្តត្បូងឃ្មុំ ក្នុងឳកាសឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំឆ្នាំ២០២១ និងទិសដៅអនុវត្តឆ្នាំ២០២២ របស់មន្ទីរកសិកម្មខេត្ត។

ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរ-អង្គភាពជុំវិញ អភិបាលក្រុង-ស្រុក ថ្នាក់ដឹកនាំនិងមន្ត្រីរាជការមន្ទីរកសិកម្មខេត្តព្រមទាំងអ្នកពាក់ព័ន្ធ។ 


ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងបញ្ជាក់ថា សមិទ្ធផលជាច្រើននៃវិស័យកសិកម្មក្នុងខេត្តត្បូងឃ្មុំ បានចូលរួមជួយកំណើនសេដ្ឋកិច្ចសម្រាប់ខេត្តក្នុងឆ្នាំ២០២១កន្លងទៅនេះ គឺមិនអាចខ្វះបានពីការចូលរួមសហការគាំទ្រចូលរួមពីរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាពពាក់ព័ន្ធ វិស័យឯកជន សហគមន៍កសិកម្ម ជាពិសេសបងប្អូនប្រជាកសិករនោះទេ។


ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានជំរុញឲ្យមន្ទីរកសិកម្មខេត្ត រួមទាំងអ្នកពាក់ព័ន្ធទាំងអស់ បន្តសហការគាំទ្រទាំងស្មារតី ថវិកា សម្ភារៈ និងការចូលរួមគ្រប់រូបភាពទាំងអស់ជួយសម្រួលបងប្អូនប្រជាកសិករ បន្តលើកកម្ពស់វិស័យកសិកម្មក្នុងខេត្ត ឲ្យកាន់តែមានកំណើនបន្ថែម ក្នុងគោលដៅបង្កើនការដាំដុះ និងផលិតកម្មសត្វក្នុងស្រុក ដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។


បើតាមរបាយការណ៍របស់លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ឲ្យដឹងថា នៅឆ្នាំ២០២១ ផលិតកម្មកសិកម្ម រួមមាន៖

-អនុវិស័យដំណាំផ្តល់បរិមាណផល ១ ៥១២ ៦០០តោន មានតម្លៃផលិតកម្មទំហំ ២៧៥លានដុល្លាអាមេរិក។

-អនុវិស័យកៅស៊ូ ផ្តល់បរិមាណផល(ជ័រស្ងួត) ៨១ ៦០០តោន មានតម្លៃផលិតកម្មទំហំ ១២២លានដុល្លាអាមេរិក។

-អនុវិស័យផលិតកម្មសត្វ ផ្តល់បរិមាណផល ១៩ ៧៦០តោន មានតម្លៃផលិតកម្មទំហំ ៥៨លានដុល្លាអាមេរិក។

-អនុវិស័យជលផល ផ្តល់បរិមាណផល ១៦ ៦០០តោន មានតម្លៃផលិតកម្មទំហំ ៣៤លានដុល្លាអាមេរិក។

-អនុវិស័យផលិតកម្មសត្វ មានសត្វសរុបប្រមាណ ២ ៧៣១ ៦០០ក្បាល ដែលផ្តល់បរិមាណផលប្រមាណ ១៩ ៧៦៣តោន មានតម្លៃផលិតកម្មទំហប្រមាណ ៥៧,១៥លានដុល្លាអាមេរិក៕







 

No comments:

Post a Comment

Pages