នារសៀលថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានជួបសម្តែងការគួសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រសួងសុខាភិបាល ដឹកនាំដោយលោកជំទាវវិជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ដើម្បីស្វែងយល់អំពីការងារកូវីដ-១៩ និងការរៀបចំផែនការអនុវត្តការងារចាក់វ៉ាក់សាំង និងទប់ស្កាត់បន្ត នៅខេត្តស្ទឹងត្រែង។
ក្នុងឱកាសជួបពិភាក្សា លោកជំទាវ ឱ វណ្ណឌីន បានធ្វើការកោតសរសើរ ដល់ចំណាត់ការរបស់រដ្ឋបាលខេត្តស្ទឹងត្រែង ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល នូវជម្ងឺកូវីដ-១៩ ដែលជាជំងឺសកលនិង រីករាលដាលពេញពិភពលោក។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ ៖ ស្នើរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្ត ធ្វើការជំរុញការងារចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ជូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង ឱ្យមានសន្ទុះកើនលឿនបានទាន់ពេលវេលា ដើម្បីទប់ស្កាត់ភាពធ្ងន់ធ្ងរ និងការស្លាប់បណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសប្រភេទវីរុសបំប្លែងថ្មី ប្រភេទអូមីក្រុង។
ឯកឧត្តម ស្វាយ សំអ៊ាង បានសម្ដែងនូវការស្វាគមន៍ ចំពោះវត្តមានលោកជំទាវ រដ្ឋលេខាធិការក្រសួងសុខាពិបាល ព្រមទាំងគណៈប្រតិភូ ដែលបានឆ្លៀតពេលដ៏មមាញឹក អញ្ជើញចុះបេសកម្មនៅខេត្តស្ទឹងត្រែង ដើម្បីពិភាក្សាការងារ ស្ដីអំពីវិធានការ ការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ និង ការងារចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ។
ក្នុងនោះឯកឧត្ដម អភិបាលខេត្ត បានធ្វើការឯកភាព និងខិតខំជំរុញបង្កើនការងារចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ជូនប្រជាពលរដ្ឋ នៅតាមភូមិ ឃុំ ស្រុក ទូទាំងខេត្តស្ទឹងត្រែង ឱ្យមានសន្ទុះកើនលឿនបានទាន់ពេលវេលា៕
No comments:
Post a Comment