ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៤០០គ្រួសារ ក្នុងស្រុកចំនួន២នៃខេត្តបាត់ដំបង - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, March 17, 2022

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកជំទាវ អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៤០០គ្រួសារ ក្នុងស្រុកចំនួន២នៃខេត្តបាត់ដំបង

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាខេត្ត និងលោកជំទាវ និងក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីគណៈកិត្តិយសសាខា   គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខា ព្រមទាំងសប្បុរសជន បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៤០០គ្រួសារ ដែលប្រជាពលរដ្ឋចំនួន២០០គ្រួសារក្នុងស្រុកគាស់ក្រឡ និង២០០គ្រួសារទៀតក្នុងស្រុកមោងឫស្សី ដោយការសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយនេះធ្វើឡើងនៅទីតាំងចំនួន២ គឺនៅសាលាស្រុកគាស់ក្រឡ និងសាលាស្រុកមោងឫស្សី នៃខេត្តបាត់ដំបង។


ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលអំណោយទាំងអស់ ដោយក្តីនឹករឭកបំផុត ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅពេលជួបការលំបាក អ្នកមានជំងឺ ជនចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។ ឯកឧត្តម ក៏បានធ្វើការផ្តាំផ្ញើ ដល់ប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកនូវអនាម័យល្អ ការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរ បង្កបង្កើនផលដំណាំ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ឱ្យបានប្រសើរឡើង។ 


ឯកឧត្តមបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការរាយការណ៍ពេលជួបនឹងសកម្មភាពនានាទាក់ទងនឹងការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍ ដើម្បីធ្វើការអន្តរាគមន៍បង្រ្កាបឲ្យបានទាន់ពេលវេលា។ ឯកឧត្តម បានបន្តទៀតថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាហានិភ័យខ្ពស់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា ដូចនេះសូមឱ្យប្រជាពលរដ្ឋបន្តចូលរួមអប់រំណែនាំកូនចៅរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ ក្នុងការគោរពច្បាប់ចរាចរណ៍ ពិសេសពេលបើកបរសូមកុំសេពគ្រឿងស្រវឹង ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលបើកបរម៉ូតូ ទោះទៅណាជិតឬឆ្ងាយ និងពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវពេលបើកបររថយន្ត ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍។ 


ឯកឧត្តមបានធ្វើការផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ រួសរាន់ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ចាប់ពីដូសទី១ ដល់ដូសទី៣ឬដូសជំរុញ ដើម្បីកាត់បន្ថយការឆ្លង និងហានិភ័យនៃការស្លាប់ដោយមេរោគកូវីដ-១៩ ខណៈមេរោគបំប្លែងខ្លួនថ្មីអូមីក្រុង កំពុងផ្ទុះឆ្លង និងបន្តការ ចូលរួមអនុវត្តតាមវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងគោលការណ៍ ៣កុំ ៣ការពារ ឱ្យបានត្រឹមត្រូវផងដែរ។


សូមបញ្ជាក់ថា អំណោយដែលផ្តល់ជូននាពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន៖ 

-អង្ករ២៥គីឡូក្រាម 

-ត្រីខ១០កំប៉ុង  

-ទឹកបរិសុទ្ធ ១កេស

-មី១កេស 

-ទឹកត្រី ទឹកស៊ីអ៊ីវ ១យួរ 

-ជែលចំនួន១ដប៕








 

No comments:

Post a Comment

Pages