នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបុណ្យពុទ្ធាភិសេកព្រះពុទ្ធរូបចំនួន ១២៨អង្គ ឆ្លងពុទ្ធិកបណ្ណាល័យ និងសមិទ្ធផលនានាក្នុងវត្តផ្ទះកណ្តាល ឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម, អភិបាលរងខេត្ត, ក្រុមការងារចុះជួយស្រុក មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូន ប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។


ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានសម្តែងអារម្មណ៍អបអរសាទរ ចំពោះសមិទ្ធផលនានាជាច្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលត្រូវបានកសាងឡើងជាបន្តបន្ទាប់ នៅក្នុងមូលដ្ឋានស្រុកស្រីសន្ធរ ក៏ដូចជាខេត្តកំពង់ចាម និងក្នុងក្របខណ្ឌទូទាំងប្រទេស ដែលស្របទៅនឹងស្ថានភាពរួមនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិទាំងមូល ជាពិសេសជីវភាពរស់នៅកាន់តែល្អប្រសើររបស់ប្រជាពលរដ្ឋយើង ក្រោមដំបូលនៃសុខសន្តិភាព ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

 

ឯកឧត្តម អភិបាលខេត្តស្នើឱ្យបងប្អូនប្រជាពលរដ្ឋកុំចាញ់កលល្បិចភូតកុហកបោកប្រាស់ពីសំណាក់ជនអគតិមួយ ដែលតែងតែបង្ករភាពវឹកវរដល់សង្គមជាតិ ហើយបន្តចូលរួមគាំទ្រ និងជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដោយបានចូលរួមក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពរបស់ប្រទេសជាតិយើង ជាពិសេសតាមរយៈការជ្រើសរើសមេដឹកនាំត្រឹមត្រូវ គឺសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជាមេដឹកនាំប្រកបដោយធម៌, យុត្តិធម៌, គុណធម៌, មិនរត់ចោលប្រជាពលរដ្ឋក្នុងកាលៈទេសៈលំបាក និងមានការទទួលខុសត្រូវម៉ឺងម៉ាត់ចំពោះជោគវាសនាប្រទេសជាតិ៕