ខេត្តព្រះសីហនុ÷ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ  បានឱ្យដឹងថា ចាប់ពីខែមករា រហូត ដល់ខែមេសាឆ្នាំ២០២២នេះ មន្ទីរបានផ្តល់លិខិតអនុញ្ញាតសាងសង់ចំនួន៤៥ គម្រោង។  


ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងាររបស់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុបានឱ្យដឹងថា ក្នុងរយៈ ពេល៤ខែ ដើមឆ្នាំ២០២២នេះ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ  បានផ្តល់លិខិតអនុញ្ញាតសាងសង់ចំនួន៤៥ គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុប ៨៤,៧៨៨ម៉ែត្រក្រឡា ជាមួយនឹងទុនវិនិយោគសរុប ៤៧,៦១៦,២៧១ ដុល្លារអាមេរិក ក្នុងនោះមាន សំណង់សមត្ថកិច្ចក្រសួងចំនួន ៦ គម្រោងមានផ្ទៃ ក្រឡាសំណង់សរុប ៥៦,៥៦២ម៉ែត្រក្រឡាជាមួយទុនវិនិយោគសរុប ៣៣,៩៣៧,២០០ ដុល្លារអាមេរិក , សំណង់សមត្ថកិច្ចខេត្ត មានចំនួន១៣គម្រោង មានផ្ទៃក្រឡាសំណង់សរុប ២៣,៥៨៧ ម៉ែត្រក្រឡាជាមួយទុនវិនិយោគសរុប១១,៧៩២,៦០០ដុល្លារអាមេរិក, សំណង់សមត្ថកិច្ចក្រុង  មានចំនួន ២៦ គម្រោងមានផ្ទៃ ក្រឡាសំណង់សរុប ៤,៦៣៩ម៉ែត្រការ៉េ ជាមួយទុនវិនិយោគសរុប១,៨៨៦,៤៧១ដុល្លារ អាមេរិច។ 


លោកប្រធានបញ្ជាក់ថា  ក្នុងនោះក៏មាន៣គម្រោង ដែលមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ បានចេញលិខិតជម្រាបជូនម្ចាស់ធ្វើការកែសម្រួលប្លង់ និងបន្ថែម ឯកសារពាក់ព័ន្ធនិងបច្ចេកទេស។   


លោកប្រធានមន្ទីរ ក៏បានស្នើឱ្យម្ចាស់ការដ្ឋានសំណង់ទាំងអស់ ដែលទទួលបានលិខិតអនុញាតសាងសាង់ ត្រូវតែអនុវត្តឱ្យបានត្រឹមត្រូវតាមលក្ខណៈស្តង់ដារ បច្ចេកទេសដែលក្រសួងនិងមន្រ្តីជំនាញបានកំណត់ ដើម្បីចៀសវាងនូវបញ្ហាណាមួយកើតឡើងជាយថាហេតុ។    


អំពាវនាវដល់ម្ចាស់ការដ្ឋានសំណង់ទាំងអស់នៅពេលដែលបានទទួលបានលិខិតអនុញ្ញាតសាងសង់ហើយនោះ គឺត្រូវធ្វើយ៉ាងណា ត្រូវឱ្យការសាងសង់ហ្នឹងមានជំនាញ មានវិស្វករ មានក្រុមហ៊ុន ដែលមានវិញ្ញាបនបត្រទទួលស្គាល់ដោយចុះបញ្ជីនៅក្រសួងរៀបចំដែនដី និងមានប្លង់ ផ្គុំ គ្រឿងបង្គុំ ប្លង់ស្ថាបត្យកម្ម ប្លង់មេកានិកប្លង់ទឹក ផ្លូវ ភ្លើង ប្លង់អាងប្រព្រឹត្តកម្ម និងរបងហ៊ុមព័ទ្ធការដ្ឋានសំណាញ់សុវត្ថិភាព ធ្វើយ៉ាងណា ត្រូវរៀបចំការដ្ឋាននៅក្នុងការដ្ឋានសំណង់យើងឱ្យបានត្រឹមត្រូវ តាមក្បួនខ្នាតបច្ចេកទេសច្បាប់ដែលបានកំណត់ជូន នឹងត្រូវពិនិត្យទៅលើកម្មករឱ្យមានសណ្ដាប់ធ្នាប់ ក្នុងការងារក្នុងពេលអនុវត្តការងារឱ្យមានឯកសណ្ឋានត្រឹមត្រូវ ខ្សែក្រវាត់សុវត្ថិភាព ចៀសវាងកុំឱ្យមានការថ្លោះធ្លោយនាំឱ្យមានគ្រោះថ្នាក់ក្នុងប្រការណាមួយ ។


សូមជម្រាបថា ចាប់ពីឆ្នាំ២០១៧រហូតមកដល់ពេលបច្ចុប្បន្ននេះ មន្ទីរបានផ្តល់លិខិតអនុញ្ញាតសាងសង់ជាង១៧៣១គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុប  ១៥.៤៨១.៦១៥ម៉ែត្រក្រឡា  ដោយមានទុនវិនិយោគសរុប ៨.៤៧២.៤៨៣.៤២៧ដុល្លារអាមេរិក ក្នុងនោះ ភាគច្រើននៃគម្រោង ដែលបានស្នើសុំសាងសង់ រួមមានគម្រោងអគារ ស្នាក់នៅរួម អគារពាណិជ្ជកម្ម, អគារសណ្ឋាគារ និងអគារពហុមុខងារ ដោយភាគច្រើនជាអគារខ្ពស់ៗមានកម្ពស់រហូតដល់៥៣ជាន់ និងមានគម្រោងតំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្ម និងរោងចក្រផ្សេងៗទៀតជាដើម ក្នុងគោលបំណងទ្រទ្រង់ឱ្យវិស័យសេដ្ឋកិច្ចកម្ពុជា៕