យុទ្ធនាការឃោសនារកសម្លេងឆ្នោតនៅទូទាំងប្រទេសរយៈពេល ២សប្តាហ៍ បានចាប់ផ្តើមហើយនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ។ ដោយឡែកសម្រាប់ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីព្រឹកមិញនេះ ឯកឧត្តម​ វង​ សូត​ ប្រធានប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំ​ និងលោកជំទាវ បានអញ្ជើញចូលរួមជាមួយសមា ជិកសមាជិកាបក្សក្នុងការបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតនេះយ៉ាងអធឹកអធម។                        


          ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តទី៥ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែ មិថុនាខាងមុខ ដោយមានគណបក្សនយោបាយចំនួន ១៧ចូលរួម មានដូចជា៖ គណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរស្រលាញ់ជាតិ គណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា គណ បក្សកម្ពុជានិយម គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សខ្មែរតែមួយ គណបក្សសំបុកឃ្មុំសង្គម ប្រជាធិបតេយ្យ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សឯកភាពជាតិខ្មែរ គណបក្សរស្មី ខេមរា និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលនឹងដណ្តើមយកកៅអីក្នុងតំណែងជាសមាជិកក្រុមប្រឹក្សា

ឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១ម៉ឺន ១ពាន់ ៦២២កៅអី ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ពាន់ ៦៥២ ខណៈប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រមាណជាង ៩លាន ២សែននាក់។

 

         ឯកឧត្តម​ វង​ សូត​ ក្នុងនាមជាថ្នាក់ដឹកនាំគណបក្សនយោបាយដែលមានភាព ចាស់ទុំបំផុតនាឱកាសនេះ បានប្រាប់ដល់សមាជិក សមាជិកាបក្ស ដែលបានចូលរួមក្នុងយុទ្ធនាការនេះឱ្យប្រកាន់យកនូវភាពថ្លៃថ្នូរជានិច្ច ស្របពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏ បានអំពាវនាវផងដែរដល់គណបក្សនយោបាយ បេក្ខជន រួមទាំងអ្នកគាំទ្រ ឱ្យគោរពតាមវិធាន បទប្បញ្ញត្តិ និងគោលការណ៍ដែលបានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ គោរពតាម បទបញ្ជា និងនីតិវិធី ក្រមសីលធម៌ និងគោលការណ៍នានាដែលបានកំណត់ ដើម្បីធានាឱ្យដំណើរការនៃ ការឃោសនាបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា។ ជាមួយគ្នានេះ គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត (គ.ជ.ប) ក៏បានអំពាវនាវដល់អាជ្ញាធរដែនដីទាំងអស់ ឱ្យប្រកាន់ជំហរអព្យាក្រឹតឥតលម្អៀងក្នុងសកម្មភាពការងាររបស់ខ្លួន និងត្រូវសម្របសម្រួលទីកន្លែង ផ្លូវថ្នល់ និងពេលវេលា ដើម្បីឱ្យគណបក្ស នយោបាយនីមួយៗអនុវត្តកម្មវិធីរបស់ខ្លួន និងការហែក្បួនឃោសនារបស់ពួកគេឱ្យប្រព្រឹត្តទៅដោយស្មើ ភាពគ្នា និងធានាថាគ្មានការរើសអើង ឬអំពើហិង្សាកើតឡើងឡើយ។ 


       យុទ្ធនាការឃោសនាបោះឆ្នោតមានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែ មិថុនា គណបក្សនយោបាយនីមួយៗ អាចធ្វើការជួបជុំ ឬការហែក្បួន ព្យុហយាត្រាដោយថ្មើរជើង ឬជា ក្បូនយានយន្ត ចែកខិតបណ្ណ លើកបដា ប្រើឧបករណ៍បំពងសំឡេង ចាក់ផ្សាយវីដេអូជាដើម ដើម្បីផ្សព្វ ផ្សាយពីកម្មវិធីនយោបាយរបស់ខ្លួនស្វែងរកការគាំទ្រពីប្រជាពលរដ្ឋដែលជាអ្នកបោះឆ្នោត ដែលធ្វើឡើង នៅរៀងរាល់ ៥ឆ្នាំម្តង៕