នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយ ក្រុមការងារក្រោមឱវាទ បានចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្សានុសិស្ស និងប្រគល់សមិទ្ធផលនានា ក្នុងសាលាបឋមសិក្សា កែវ មុនី សង្កាត់ព្រែកកំពឹស ដែលឯកឧត្តមបានជួយឧបត្ថម្ភ ជួសជុល កែលម្អ និងកសាងរួចរាល់ជូនដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សប្រើប្រាស់ជាផ្លូវការ ដែលក្នុងនោះរួមមាន :  

- ចាក់ដី ចាក់កំទេចថ្ម និងខ្សាច់បំពេញក្នុងទីតាំងសាលាទាំងមូល ចំនួន១៩២ឡាន ។

- ចាក់សាបបេតុងលើទីធ្លាសាលាទាំងមូល ទំហំ១,១៨៨ម៉ែត្រការ៉េ ។

- រៀបការ៉ូឡាជុំវិញបរិវេណទីធ្លា និងដងទង់ជាតិទំហំ២១០ម៉ែត្រការ៉េ ។

- ជួសជុលកែលម្អសួនច្បារ ដងទង់ជាតិ ដាំផ្កាឡើងវិញ និងដាំដើមឈើធ្នង់បន្ថែមចំនួន៣៥ដើម ។

- ជួលជុលក្លោងទ្វារ របង បន្ទប់ទឹក ចាក់សាបបាតអគារនិងលាបថ្នាំអាគារឡើងវិញទាំងអស់ ។

- ធ្វើរោងសម្រាប់ដាក់ម៉ូតូ កង់ ធ្វើតារាងបាល់បោះ រៀបចំសួនកំសាន្តនិងបំពាក់ឧបករណ៍ក្មេងលេង ក្នុងបរិវេណសាលា។

- កសាងប្រព័ន្ធលូរំដោះទឹកក្នុងបរិវេណសាលាទាំងមូល ដោយធានាបាន១០០% ។


ឯកឧត្តម រ័ត្ន ស៊្រាង បានថ្លែងឲ្យដឹងថា មានសន្តិភាព គឺមានការអភិវឌ្ឍន៍ មានសិទ្ធិសេរីភាព និងមានអ្វីៗទាំងអស់។ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយបញ្ញាញាណ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចធ្លាប់បានយកជីវិតធ្វើដើមទុន ឆ្ពោះទៅរកការរំដោះជាតិ ឲ្យរួចផុតពីរបបវាលពិឃាត ជាពិសេសសម្តេចបានដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ រំលាយបានទាំងស្រុងនូវអង្គការចាត់តាំងនយោបាយនិងយោធាខ្មែរក្រហម ទើបនាំយកនូវសន្តិភាពពេញលេញ ជូនជាតិមាតុភូមិកម្ពុជា ក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេស ដូចសព្វថ្ងៃ និងបានអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ។ ជាក់ស្តែង ការកសាងសមិទ្ធិផលក្នុងសាលា ផ្តល់ឱកាសឲ្យសិស្សានុសិស្សបានរៀនសូត្រគ្រប់កម្រិតដោយគ្មានការព្រួយបារម្ភនាថ្ងៃនេះ ក៏បានមកពីសន្តិភាព ដែលសម្តេចតេជោ និងឥស្សរជនថ្នាក់ដឹកនាំគ្រប់រូប ប្រឹងប្រែងរកបានមកដោយលំបាក។ លើសពីនេះ ដោយមានទស្សនៈវិស័យវែងឆ្ងាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យកម្ពុជាឆ្លងផុតនូវគ្រោះមហន្តរាយនៃជំងឺឆ្លងកូវីដ-១៩យ៉ាងឆាប់រហ័ស ធ្វើឲ្យការរស់នៅប្រកបរបរចិញ្ចឹមជីវិត ការសិក្សា ការដើរកំសាន្ត និងការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គម ត្រឡប់មកប្រក្រតីវិញ។ 


ឯកឧត្តម រ័ត្ន ស៊្រាង បានសម្តែងនូវទឹកចិត្ត  សប្បាយ រីករាយ បំផុត ដែលបានមកជួបសំណេះសំណាលដោយផ្ទាល់ និប្រគល់  ដាក់ ឲ្យ ប្រើប្រាស់ នូវសមិទ្ធផលនានាក្នុងសាលាបឋមសិក្សា កែវ មុនី ក្នុងថ្ងៃនេះ ។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម ក៏បាននាំយកអាហារសម្រន់ ទៅទទួលទាន ជាមួយ សមាជិក សមាជិកា សិស្សានុសិស្ស ដែលចូលរួមទាំងអស់ ក្រោមបរិយាកាសរីករាយ ប្រកបដោយ មនោសញ្ចេតនាស្និទ្ធស្នាលក្រៃលែង។ ព្រមទាំងបានឧបត្ថម្ភថវិកា សម្ភារៈសិក្សា ខោអាវកីឡាជូនដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សព្រមទាំងអាណាព្យាបាលសិស្ស គ្រប់ៗគ្នា រួមមាន៖

- ជូនថវិកាដល់លោកគ្រូ អ្នកគ្រូ ចំនួន០៣សាលាក្នុងសង្កាត់ព្រែកកំពឹស ស្មើនឹង ១១១នាក់ ម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល ។

- មាតាបិតាអាណាព្យាបាលសិស្ស យុវជន (សសយក)សង្កាត់ សរុបចំនួន ១៩៣នាក់ ម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល។

- សិស្សបឋមសិក្សាចំនួន៤៥០នាក់ ម្នាក់ៗទទួលបាន សៀវភៅ០១ក្បាល ប៊ិច០១ ខ្មៅដៃ០១ និងថវិកា ៥ពាន់រៀល។

- កុមារា កុមារី ចាប់ពីអាយុ២ឆ្នាំ រហូតដល់យុវជនរៀនមហាវិទ្យាល័យ ដែលរស់នៅក្នុងទូទាំងសង្កាតព្រែកកំពឹស ក៏ដូចជាសិស្សរស់នៅក្រៅមូលដ្ឋាន ដែលបានមករៀននៅសាលាទាំង០៣ ក្នុងសង្កាត់ព្រែកកំពឹស សរុប ៤,២៨៥ នាក់ ក្នុងម្នាក់ៗ ទទួលបានខោអាវកីឡា ១កំប្លេគ្រប់ៗគ្នា។