លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត អញ្ជើញចូលរួមកិច្ចប្រជុំផែនការការពារការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, May 18, 2022

លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត អញ្ជើញចូលរួមកិច្ចប្រជុំផែនការការពារការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

សៀមរាប៖ នាព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបមានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី តំណាងយុទ្ធភូមិភាគទី៤ កងពលធំអន្តរាគមន៍លេខ២ តំបន់ប្រតិបត្តិការសឹករងសៀមរាប អាវុធហត្ថខេត្តសៀមរាប អង្គភាពបេតិកភ័ណ្ឌខេត្តសៀមរាប អង្គភាពនគរបាលទេសចរណ៍ លោក លោកស្រី ស្នងការរង នាយការិយាល័យទាំង៣៣ និងអធិការក្រុង/ស្រុក ទាំង១២ ។ 


ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ត្រី សឿន សេន ស្នងការរងទទួលដឹកនាំផែនការងារសេនាធិការបានឡើងអានរបាយការណ៍សង្ខេបស្តីពីផែនការការពារការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ 


ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាបបានសង្កត់ធ្ងន់ទៅលើ ៤ចំណុចធំៗ ដែលកងកម្លាំងនគរបាលខេត្តត្រូវទទួល និងសហការធ្វើជាមួយអង្គភាពពាក់ព័ន្ធរួមមានៈ

១. តាមដាន និងថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយទាំងអស់ ( សមាជិក គ.ជ.ប បេក្ខជន អ្នកគាំទ្រ អ្នកសង្កេតការណ៍....) ដែលមានរយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២២ ។

២. ថែរក្សា សណ្តាប់ធ្នាប់ និងការពារសន្តិសុខ ក្នុងពេលបោះឆ្នោត ទាំង៨៤៧ មណ្ឌលបោះឆ្នោត ។ 

៣. ថែរក្សាសណ្តាប់ធ្នាប់សាធារណៈ និងការពារសន្តិសុខ ក្នុងពេលរាប់សន្លឹកឆ្នោត និងដឹកសន្លឹកឆ្នោត ។ 

៤. ថែរក្សា ការពារ សណ្តាប់ធ្នាប់សាធារណៈ ក្នុងពេលប្រកាសលទ្ធផលឆ្នោត ជាដើម។ 


ដោយយោងទៅលើភាពចាំបាច់របស់ស្នងការដ្ឋាននគរបាលក្នុងការបំពេញការងារ លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ក៏អនុញ្ញាតឲ្យមានការរៀបចំប្រកាសផ្ទេរតួនាទី ភារកិច្ច ផ្ទៃក្នុងរបស់នាយនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន ០២រូប គឺ 

១. លោកវរសេនីយ៍ទោ ទិត្យ ទសរិទ្ធ នាយការិយាល័យផ្សព្វផ្សាយអប់រំជាស្នងការរង។

២. លោកវរសេនីយ៍ទោ ជា រតនៈ នាយរងការិយាល័យផ្សព្វផ្សាយអប់រំជានាយការិយាល័យផ្សព្វផ្សាយអប់រំ។  


ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រីស្នងការក៏បានចូលរួមអបអរសាទរ និងផ្តល់មតិផ្តាំផ្ញើមួយចំនួនចំពោះនាយនគរបាលដែលទើបទទួលបានការតែងតាំងថ្មីឲ្យខិតខំប្រឹងប្រែងបំពេញភារកិច្ច កែប្រែមុខមាត់ថ្មីរបស់អង្គភាព។ 


ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រីស្នងការក៏បានធ្វើការក្រើនរំលឹកដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបត្រូវយកចិត្តទុកដាក់បំពេញភារកិច្ចបន្ថែមទៀត និងបន្តពង្រឹងវិន័យ ដើម្បីរក្សាសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ ៕








 

No comments:

Post a Comment

Pages