នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២  វេលាម៉ោង២២:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់កាបូប នៅមុខផ្ទះគ្មានលេខ ផ្លូវ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ខណៈកម្លាំងកំពុងធ្វើការល្បាតក្បែរកន្លែងកើតហេតុ ក៏ជួយអន្តរាគមន៍ឃាត់ខ្លួន។ ជនរងគ្រោះឈ្មោះអៀង អុំ ភេទ ស្រី អាយុ៦៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅភូមិសាលាមនាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។


ជនសង្ស័យឈ្មោះ ថោង សីហា ភេទ ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ (មានសារធាតុញៀន)។


វត្ថុតាំងចាប់យក៖​ កាបូបយួរមាន ខ្សែកមាស ១ខ្សែ ទម្ងន់ ១ តម្លឹង, ខ្សែដៃមាស ១ខ្សែ ទម្ងន់ ៥ជី, ប្រាក់ ១២ម៉ឺនរៀល និងទូរស័ព្ទដៃម៉ាក Oppo ពណ៌ខៀវ។ ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញតាមការស្នើសុំ។


បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធី៕