ប៉ៃលិន៖ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរ ដោយក្រុមការងារបានអញ្ជើញពិនិត្យមើលការរៀបចំសណ្តាបធ្នាប់ និងសោភ័ណ្ឌភាព នៅរម្មណីយ៍ ដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ បន្ទាប់ពីការស្ថាបនាផ្លូវបេតុងអាមេ ១ខ្សែររួចរាល់ ស្ថិតក្នុងភូមិខ្លុង សង្កាត់ អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិនដើម្បីផ្តល់សេវានិងភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកកំសាន្តអោយបានកាន់តែច្រើនដែលជាកត្តាជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្តប៉ៃលិន ។
ឯកឧត្តម បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូម ពរ របស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាង ហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម ហើយ បច្ចុប្បន្ននេះ រដ្ឋបាល ខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងខេត្តជាពិសេសអភិវឌ្ឍន៍ តំបន់ រម្មណីយដ្ឋានទេសចរណ៍នានាឱ្យបានកាន់តែល្អឡើងដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្ត ក្នុងខេត្តប៉ៃលិនយើងឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។
លោកជំទាវអភិបាល បានមានប្រសាសន៍បញ្ជាក់ថា៖ ដោយមើលឃើញពីសក្តានុពល នៃវិស័យទេសចរធម្មជាតិ និងដើម្បីលើកកម្ពស់សោភ័ណភាព រមណីដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ (ភ្នំខៀវប៉ៃលិន) លោកជំទាវ បានណែនាំអោយយុវជន សសយក ខេត្ត សហការជាមួយមន្ត្រីជំនាញ រួមគ្នាធ្វើការរៀបចំសណ្តាប់ធ្នាប់អនាម័យ និងកែរលម្អហេដ្ឋារចនាសម័ន្ធ ព្រមទាំងរុះរើកញ្ចុះដែលពុកផុយចេញ និងដាក់ជំនួសដោយកញ្ចុះថ្មី ដែលមានរចនាបថបែបទាក់ទាញប្រកបដោយសុវត្ថិភាពសម្រាប់ទទួលភ្ញៀវទេសចរណ៍ ចូលមកកម្សាន្តនៅលើទឹកដីដ៏តូចច្រឡឹងនៃខេត្តត្បូងពេជ្រ មួយនេះ។
ឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានប្រសាសន៍សំណូមពរដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ទាំងអស់ ដែលមកកំសាន្តតាមរម្មណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន ត្រូវរួមគ្នាសំអាតអនាម័យបរិស្ថាន ដោយត្រូវវេចខ្ចប់កាកសំណល់សំរាមឲ្យបានល្អ និងនាំយកទៅទុកដាក់ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត ជៀសវាងការបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព និងអនាម័យសាធារណៈ។
សូមបញ្ជាក់ថា៖ រម្មណីយដ្ឋាន ទឹកធ្លាក់អូរតាវ៉ៅ ជារម្មណីយដ្ឋានធម្មជាតិល្បីជាងគេ នៅក្នុងខេត្តប៉ៃលិន ដែលមានទឹកធ្លាក់រហូតដល់៩ជាន់ និងមានចម្ងាយចេញពីផ្លូវជាតិលេខ៥៧ ប្រមាណជាង៧គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិខ្លុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ហើយបច្ចុប្បន្នអាជ្ញាធរខេត្ត បានស្ថាបនារួចរាល់ផ្លូវបេតុងអាមេ១ខ្សែរប្រវែងជាង៣គីឡូម៉ែត្រ ឡើងទៅកាន់រម្មណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅនេះ ដែលបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកលេងកំសាន្ត៕
No comments:
Post a Comment