ខេត្តកណ្ដាល ៖ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ (គ.ក.ស.ក) លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល និងលោកជំទាវ សម្បត្តិ សុគន្ធ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក) បានអញ្ជើញចូលរួមក្នុងសិក្ខាសាលា ស្ដីពីសិទ្ធិកុមារ កិច្ចការពារកុមារ និងច្បាប់នានា ដែលពាក់ព័ន្ធនឹងកិច្ចការពារកុមារចំណាកស្រុកដោយសុវត្ថិភាព និងការជួញដូរមនុស្ស ដោយមានការអញ្ជើញចូលរួម ដោយលោក ហោ កុសល្យ នាយកប្រចាំតំបន់ អង្គការហាការ (HAGAR) The Whole jouney ព្រមទាំងសមាជិក គណៈកម្មការមកពីមន្ទីរស្ថាប័នពាក់ព័ន្ធសរុបជាង ៧០នាក់។
ក្នុងឱកាសបើកសិក្ខាសាលានេះ លោកជំទាវ សម្បត្តិ សុគន្ធ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក បានមានប្រសាសន៍ថា ប្រទេសកម្ពុជា គឺជាភាគីហត្ថលេខី ក្នុងការផ្តល់សច្ចាប័នលើអនុសញ្ញ អ.ស.ប ស្ដីពីសិទ្ធិកុមារ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២ បន្ទាប់ពីអនុសញ្ញា អ.ស.ប ស្ដីពីសិទ្ធិកុមារ ត្រូវបានអនុម័តដោយមហាសន្និបាត អ.ស.ប នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៨៩ និងត្រូវបានចូលជាធរមាន ជាច្បាប់អន្តរជាតិ ស្តីពីសិទ្ធិកុមារ នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៩៩០។ មកដល់បច្ចុប្បន្ន បានផ្តល់សច្ចាប័ន ដែលជាកិច្ចព្រមព្រៀង ឬកិច្ចសន្យា ហើយប្តេជ្ញាយកអនុសញ្ញានោះមកអនុវត្តនៅក្នុងប្រទេសរបស់ខ្លួន មានន័យថា អនុសញ្ញានេះបានផ្សារភ្ជាប់កាតព្វកិច្ចខាងផ្លូវច្បាប់ចំពោះរដ្ឋជាភាគី ក្នុងការអនុវត្ត និងមានយន្តការតាមដាន ត្រួតពិនិត្យការអនុវត្តអនុសញ្ញានេះតាមរយៈការធ្វើរបាយការណ៍របស់ប្រទេសជាភាគី។
លោកជំទាវ ក៏បានក្រើនរំលឹកដល់ ឪពុក ម្ដាយ អាណាព្យាបាល ឬអ្នកថែទាំ គួរជៀសវាងធ្វើសកម្មភាព ដូចជា៖ វាយ អង្រួន ស្រែកគំហក ស្តីបន្ទោស គំរាមកំហែង ឬដាក់ទណ្ឌកម្មលើរាងកាយ នៅពេលដែលកុមារមានអាកប្បកិរិយា ដូចជា និយាយកុហក ឬធ្វើបែកសម្ភារ ជាដើម។ ផ្ទុយទៅវិញ ឪពុក ម្ដាយ អាណាព្យាបាល ឬអ្នកថែទាំ គួរស្វែងរកសកម្មភាពឆ្លើយតបបែបវិជ្ជមានណាដែលផ្តល់សេចក្តីស្រឡាញ់ភាពកក់ក្ដៅ ទំនុកចិត្ដ ឬភាពជឿជាក់ដល់កុមារដែលជួយឱ្យកុមារមានការលូលាស់ និងអភិវឌ្ឍបានល្អប្រសើររួមទាំងអាចក្លាយទៅជាមនុស្សដែលមានសុខុមាលភាពល្អ។
លោក ហោ កុសល្យ នាយកប្រចាំតំបន់ អង្គការហាការ បានឱ្យដឹងថា អំពើហិង្សាលើកុមារ គឺសំដៅលើគ្រប់ទម្រង់នៃការរំលោភបំពាន ការធ្វើបាប ការមិនអើពើ និងការជួញដូរកុមារ រួមទាំងការរើសអើង ដែលជាការរំលោភបំពានទៅលើសិទ្ធិកុមារ អំពើហិង្សាលើកុមារ រួមមាន អំពើហិង្សាលើរូបរាងកាយ អំពើហិង្សាផ្លូវចិត្ត អំពើហិង្សាផ្លូវភេទ និងការមិនអើពើ ឬមិនយកចិត្តទុកដាក់។
លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក ខេត្តកណ្ដាល បានឱ្យដឹងបន្ថែមថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង ដើម្បីរំលឹកបន្ថែមទៅលើប្រធានបទសិទ្ធិកុមារ ប្រព័ន្ធកិច្ចការពារកុមារ និងច្បាប់ដែលពាក់ព័ន្ធ និងកិច្ចការពារកុមារ ផ្សព្វផ្សាយអំពីសកម្មភាពគម្រោងនានា ក៏ដូចជា ស្វែងយល់បន្ថែម អំពីលទ្ធផលនានាដែលអាជ្ញាធរបាននិងកំពុងអនុវត្តទាក់ទងទៅនឹងពលករ ចំណាកស្រុក បញ្ហាប្រឈមសម្រាប់ពលករចំណាកស្រុក និងការជួញដូរមនុស្ស លើកទិសដៅ ផែនការផ្សព្វផ្សាយបន្ត សម្រាប់គោលដៅ ដែលបានជ្រើសរើស បង្កបរិយាកាសឱ្យមានវេទិកាផ្លាស់ប្ដូរយោបល់ និងចែករំលែកបទពិសោធន៍ ដើម្បីដោះស្រាយបញ្ហារួមគ្នា ស្តីពីការគ្រប់គ្រងករណី និងបញ្ហាពលករចំណាកស្រុក៕
No comments:
Post a Comment