កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១០ម៉០០នាទី នៅចំណុចក្បែរស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទ ស្រី អាយុប្រហែល ២៣ ឆ្នាំ កំពុងជិះម៉ូតូមួយគ្រឿងម៉ាក ស្គុបពី ពណ៌ស មិនចាំស្លាកលេខ ដោយកាន់ទូរស័ព្ទដៃមួយគ្រឿងម៉ាក អាយហ្វូន១១ប្រូ ពណ៌ប្រផេះ មកនិយាយ ក្នុងពេលនោះស្រាប់តែមានជនសង្ស័យចំនួន ០២នាក់មិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល ២០ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានមកធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះ ចំណែកជនសង្ស័យឈ្មោះ ចំរើន ដាឡាត់ ភេទ ប្រុស អាយុ ១៨ឆ្នាំ, ឈ្មោះ ភឿន សៀវហេង ភេទ ប្រុស អាយុ ១៧ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាក ប៊ីត ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម ១W-៣២៧៥ និងជនសង្ស័យឈ្មោះ រត័្ន ភេទ ប្រុស អាយុប្រហែល ១៧ឆ្នាំ ឈ្មោះ ដំ ភេទ ប្រុស អាយុ ១៦ឆ្នាំ ជិះម៉ូតូមួយគ្រឿងទៀតម៉ាក ប៊ីត ពណ៌ក្រហម មិនចាំស្លាកលេខ ជិះតាមរារាំងការពារពីក្រោយ ពេលឆក់យកទូរស័ព្ទដៃពីជនរងគ្រោះបានហើយ ក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូរត់គេច ដោយក្នុងនោះជនសង្ស័យដែលឆក់យកទូរស័ព្ទដៃពីជនរងគ្រោះបានបោះមកឲ្យជនសង្ស័យឈ្មោះ ចំរើន ដាឡាត់ ដែលជិះម៉ូតូម៉ាក ប៊ីត ពណ៌ខៀវ ឌុបបក្ខពួកឈ្មោះ ភឿន សៀវហេង តាមពីក្រោយ ហើយជិះគេចខ្លួនមកដល់ចំណុចផ្លូវព្រះសីហនុ ខណ្ឌ៧មករា (ក្បែរស្តាតអូឡាំពិក) ត្រូវបានសមត្ថកិច្ចឃាត់បានយកមកធ្វើការសាកសួរតែម្តង ចំណែកបក្សពួកឈ្មោះ រ័ត្ន, ឈ្មោះ ដំ និងបក្ខពួក ០២នាក់ទៀតមិនស្គាល់បានជិះម៉ូតូរត់គេចខ្លួនបាត់ ។ ចំពោះជនរងគ្រោះក្រោយពេលកើតហេតុមិនឃើញមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១នោះទេ ៕
១-ជនសង្ស័យឈ្មោះ ចំរើន ដាឡាត់ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ សិស្ស ។ (គ្មានផ្ទុកសារធាតុញៀន)
២-ជនសង្ស័យឈ្មោះ ភឿន សៀវហេង ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ សិស្ស ។ (គ្មានផ្ទុកសារធាតុញៀន)
-វត្ថុតាងចាប់យក ៖ ម៉ូតូមួយគ្រឿងម៉ាក ប៊ីត ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម ១W-៣២៧៥ លេខតួ=៩០២២៦៦១ លេខម៉ាស៊ីន=៩០២៣០៨៦ និងភស្តុតាង : ទូរស័ព្ទដៃមួយគ្រឿងម៉ាក អាយហ្វូន១១ប្រូ ពណ៌ប្រផេះ (របស់ជនរងគ្រោះ ជាប់លេខកូដ) ។
បច្ចុប្បន្នជនសង្ស័យចំនួន ០២ នាក់ឈ្មោះ ចំរើន ដាឡាត់ និងឈ្មោះ ភឿន សៀវហេង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ។
No comments:
Post a Comment