(ស្ទឹងត្រែង)នាព្រឹកថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគ​ណៈ​អភិ​បាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសសាខា ព្រមទាំងសមាជិក​គណៈ​កម្មាធិ​ការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុក បានចុះសួរសុខទុក្ខ និងផ្តល់អំណោយរបស់សាខា​កាក​បាទក្រហមខេត្ត ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចាស់គ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ សរុបចំនួន១០០គ្រួសារ រស់នៅក្នុងភូមិ.សៀមបូក និងភូមិ ទន្សោង ឃុំសៀមបូក ស្រុកសៀមបូក ខេត្ត​ស្ទឹងត្រែង។

នាឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តបានពាំនាំមកនូវ​ប្រសាសន៍​​ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទ​ក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ស្ត្រីមានផ្ទៃពោះជាពិសេស ជនងាយរងគ្រោះ មិនប្រកាន់រើសអើងវណ្ណៈជាតិសាសន៍ ពណ៌​សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែក​ជូនបង​ប្អូន​ពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់ក្រុមគ្រួសារ តែក៏អាចជួយសម្រា​ល​ទុក្ខលំបាក បានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ​គ្រប់រូបពី​សំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា “កាកបាទក្រហម​កម្ពុជា​មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល”។

ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានគណៈកម្មាធិការសាខាខេត្ត ក៏បានពាំនាំនូវសារអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនជូនដល់បងប្អូនប្រជាពលរដ្ឋ សូមថែទាំសុខភាពឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អមានអនាម័យក្នុងការរស់នៅ និងប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ ដូចជា​គ្រោះ​​មហន្តរាយដោតធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ជាពិសេសការពារកុំឱ្យមូសខ្លាខាំត្រូវគេងក្នុង​មុង​​ជានិច្ច។ថ្វីបើរាជរដ្ឋាភិបាលទុកឱ្យប្រជាពលរដ្ឋជាអ្នកសម្រេចចិត្តពាក់ម៉ាស់ឬ មិនពាក់ម៉ាស់ តែ​ត្រូវ​ចូល​រួមចាក់វ៉ាក់សាំង ឱ្យបានគ្រប់ៗគ្នា ព្រោះថាប្រសិទ្ធភាពនៃវ៉ាក់សាំង អាចការពារអាយុជីវិត ឬកាត់បន្ថយ​ការគ្រោះថ្នាក់ធ្ងន់ធ្ងរ។

អំណោយ ផ្តល់ ជូន នាឱកាសនោះដែរ ក្នុង មួយគ្រួសារៗ ទទួលបានរួមមាន ៖ អង្ករ  ២៥គីឡូក្រាម  ត្រីខ ១យួរ មី ១កេស ឃីត១ (សារ៉ុង១ ក្រមា១ ភួយ១ មុង១) និងជែលលាងដៃចំនួន១ ៕