ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង​ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយទីប្រឹក្សាជប៉ុន អំពី​ការអភិវឌ្ឍទីក្រុងឆ្លាតក្រុងបាត់ដំបង - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, June 8, 2022

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង​ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយទីប្រឹក្សាជប៉ុន អំពី​ការអភិវឌ្ឍទីក្រុងឆ្លាតក្រុងបាត់ដំបង

នៅរសៀលថ្ងៃអង្គារ ទី០៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាល​ខេត្តបាត់​ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយទីប្រឹ​ក្សាជប៉ុន អំពីការអភិវឌ្ឍទីក្រុងឆ្លាតក្រុងបាត់ដំបង ។


ពាក់ព័ន្ធនឹងគំរោងការអភិវឌ្ឍក្រុងបាត់ដំបង ជាទីក្រុងឆ្លាតវៃ គឺមានគោលបំណងដើម្បីកែប្រែទីក្រុង​បាត់​ដំបង ឱ្យក្លាយជាទីក្រុងឆ្លាត តាមរយៈការឱ្យមានបច្ចេកវិទ្យាទំនើបនៅតាមសាធារណៈជាដើម ដើម្បី​លើក​កម្ពស់ទីក្រុងបាត់ដំបងឱ្យកាន់តែទាក់ទាញជាងមុន ក្នុងនោះក៏បានផ្ដោតទៅលើការកែលំអ​សារមន្ទីរ​ខេត្តបាត់ដំបង ឱ្យប្រែក្លាយជាសារមន្ទីរឆ្លាតវៃ ដែលក្នុងនោះរួមមាន សិល្បៈឌីជីថល ឬដាក់​ឱ្យមានការប្រើប្រាស់បច្ចេកវិទ្យា VR នៅក្នុងសារមន្ទីរ ដើម្បីធ្វើឱ្យកាន់តែទាក់ទាញភ្ញៀវទេសចរចូល​មកទស្សនា​សារមន្ទីរខេត្តកាន់តែច្រើន ជាមួយបច្ចេកវិទ្យាទំនើប លើកកម្ពស់វិស័យវប្បធម៌ និងមរតក​ក្នុង​តំបន់ និងទទួលបាននូវបទពិសោធន៍ថ្មីជាមួយបច្ចេកវិទ្យា VR ដែលរៀបចំឡើងនៅក្នុងសារមន្ទីរ ។


ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា ពាក់​ព័ន្ធ​នឹងការកែលំអសារមន្ទីរខេត្តបាត់ដំបង ឱ្យក្លាយជាសារមន្ទីរឆ្លាតវៃនេះ ឯកឧត្តមបានធ្វើ​ការ​ស្វាគមន៍​យ៉ាងកក់ក្ដៅ ជាមួយគំរោងមួយនេះ ព្រោះថាការកែលំអសារមន្ទីរខេត្តបាត់ដំបង ឱ្យក្លាយជា​សារមន្ទីរ​ឆ្លាត​វៃនេះ បានធ្វើការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាសារមន្ទីរខេត្ត កាន់តែច្រើនឡើងៗ ដែល​ក្នុង​នោះមិនត្រឹមតែជួយលើកកម្ពស់វិស័យទេសចរណ៍​នៅក្នុងខេត្ត​តែមួយប៉ុណ្ណោះទេ តែថែមទាំង​លើក​កម្ពស់​​វិស័យវប្បធម៌ អរិយធម៌ខ្មែរទៅកាន់ភ្ញៀវទេចរកាន់តែ​ទូលំទូលាយ ជាមួយបទពិសោធន៍​នូវបច្ចេក​វិទ្យា​ថ្មី ។ ឯកឧត្តម ក៏បានមានប្រសាសន៍បន្តទៀតថា មិនត្រឹមតែការកែប្រែសារមន្ទីរខេត្ត ជាសារមន្ទីរ​ឆ្លាតវៃទេ ក្នុងនោះពាក់ព័ន្ធនឹងការកែប្រែចំណតយាន​យន្ត​ឱ្យក្លាយជាចំណតឆ្លាតវៃ ក៏ជាគំរោង​មួយ​ដែល​មានសារ​សំខាន់​ផងដែរ ហើយស្របទៅនឹងផែនការរបស់រដ្ឋបាល​ខេត្តបាត់ដំបងដែលកំពុង​តែរៀបចំ​ចំណតចតយានយន្តផងដែរ ។


ឯកឧត្តម បានមានស្នើដល់ភាគីនៃប្រទេសជប៉ុនដើម្បីធ្វើការសិក្សា​ឱ្យច្បាស់លាស់អំពីគំរោងទី​ក្រុងឆ្លាត​នេះដើម្បីកែប្រែខេត្តបាត់ដំបងឱ្យក្លាយជាខេត្តដែលឆ្លាតវៃ ទាក់ទាញភ្ញៀវទេសចរមកទស្សនា​កំសាន្ត​កាន់​​តែច្រើនឡើងៗ បង្កើនប្រាក់ចំណូលប្រជាពលរដ្ឋ និងបង្កើនមុខរបរប្រជាពលរដ្ឋមានជីវភាពធូរធារ ៕






 

No comments:

Post a Comment

Pages