គម្រប់ខួប៤៤ឆ្នាំ ដែលនាយឧត្តមសេនីយ៍ សៅ សុខា បានចូលបម្រើកងទ័ព រហូតទទួលបានតំណែងជាមេបញ្ជាការកងទ័ពកំពូលម្នាក់នាពេលបច្ចុប្បន្ន នៅក្នុងជួររាជរដ្ឋាភិបាលកម្ពុជា - គេហទំព័រ សន្តិភាពថ្មី

Breaking

Thursday, July 21, 2022

គម្រប់ខួប៤៤ឆ្នាំ ដែលនាយឧត្តមសេនីយ៍ សៅ សុខា បានចូលបម្រើកងទ័ព រហូតទទួលបានតំណែងជាមេបញ្ជាការកងទ័ពកំពូលម្នាក់នាពេលបច្ចុប្បន្ន នៅក្នុងជួររាជរដ្ឋាភិបាលកម្ពុជា

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ ជាគម្រប់ខួប៤៤ឆ្នាំ ដែលនាយឧត្តមសេនីយ៍ សៅ សុខា បានចូលបម្រើកងទ័ព រហូតទទួលបានតំណែងជាមេបញ្ជាការកងទ័ពកំពូលម្នាក់នាពេលបច្ចុប្បន្ន នៅក្នុងជួររាជរដ្ឋាភិបាលកម្ពុជា។ សម្រាប់ការកាន់តំណែងជាអគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា បានដឹកនាំស្ថាប័នកងកម្លាំងមួយនេះមានការរីកចម្រើនយ៉ាងខ្លាំង និងបានក្លាយជាសេនាធិការ ដ៏រឹងមាំមួយរបស់ក្រសួងការពារជាតិ និងរាជរដ្ឋាភិបាលលើកិច្ចការងាររក្សាសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ជាពិសេសបានចូលរួមទប់ស្កាត់ និងការបង្ក្រាបចលនាខុសច្បាប់ផ្សេងៗដែលប៉ុនប៉ងបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរ។


ក្រៅពីនេះកម្លាំងអាវុធហត្ថ ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានចូលរួមការងារបង្ក្រាបបទល្មើសជាច្រើននៅក្នុងសង្គម និងការជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់រូបភាពដែលកើតមានឡើង។ សម្រាប់កងកម្លាំងអាវុធហត្ថទាំងអស់ នាយឧត្តមសេនីយ៍ សៅ សុខា មានទិសស្លោកជាត្រីវិស័យបង្ហាញផ្លូវសម្រាប់របៀបធ្វើការរួមមាន៖


*ទី១៖ ចំពោះប្រទេសជាតិត្រូវតែការពារ

*ទី២៖ ចំពោះប្រជាត្រូវតែបម្រើ

*ទី៣៖ ចំពោះច្បាប់ត្រូវតែគោរព

*ទី៤៖ ចំពោះបទល្មើសត្រូវតែបង្រ្កាប។


ក្នុងឱកាសគម្រប់ខួប៤៤ឆ្នាំ នៃការចូលបម្រើកងទ័ពរបស់យុវជនកំព្រា សៅ សុខា (២១ កក្កដា ១៩៧៨-២១ កក្កដា ២០២២) កូនចៅជាយោធិន នៃកងរាជអាវុធហត្ថគ្រប់ថ្នាក់ បានកោតសរសើរនូវវីរភាពអង់អាចក្លាហាន ឆន្ទៈមោះមុត សេចក្តីស្មោះត្រង់ ការទទួលខុសត្រូវខ្ពស់ និងភាពដឹកនាំដ៏ឈ្លាសវៃ មានគុណធម៌ ក្រមសីលធម៌ វិជ្ជាជីវៈ កសាងកងរាជអាវុធហត្ថរីកចម្រើនគ្រប់ផ្នែក គ្រប់វិស័យ ចាប់ពីការហូប ការស្លៀកពាក់ ស្នាក់នៅ កន្លែងធ្វើការ អប់រំបណ្ដុះបណ្ដាលធនធានមនុស្ស បំពាក់មធ្យោបាយ យុទ្ធោបករណ៍ និងការងារទំនាក់ទំនង ជួយសង្គម ។ល។


ក្រោយពីទទួលបានសាររបស់កូនចៅក្រោមឱវាទតាមប្រព័ន្ធទំនាក់ទំនងនានា នាយឧត្តមសេនីយ៍ បានឆ្លើយតបដូចខាងក្រោម៖


ជាបឋមខ្ញុំថ្លែងនូវពាក្យថា «អរគុណ» នូវការលើកទឹកចិត្តខ្ញុំ ខ្ញុំរីករាយទទួលដោយស្មោះសបំផុត។ ប៉ុន្តែខ្ញុំម្នាក់ឯងមិនអាចកសាងកេរ្តិ៍ឈ្មោះ កិត្តិយស តម្លៃសម្រាប់កងរាជអាវុធហត្ថ និងកិច្ចការធំតូចជាច្រើនបានឡើយ បើគ្មានបងប្អូនដែលមានមនសិការ ស្រឡាញ់ គាំទ្រចូលរួម។ ឆ្លៀតឱកាសនេះខ្ញុំសូមចែករំលែកពាក្យពេចន៍សរសើរលើកទឹកចិត្តខ្ញុំ ជូនទៅបងប្អូនទាំងអស់គ្នាម្នាក់បន្តិចៗស្មើៗគ្នា ពិសេសសូមគ្រប់គ្នាព្រមទាំងក្រុមគ្រួសារប្រកបតែនិងសុខភាពល្អកម្លាំងមាំមួនជន្មាយុវែង ចម្រុងចម្រើនការប្រកបមុខរបប ជោគជ័យការងារបម្រើរដ្ឋ មានសុភមង្គល និងជួបតែសំណាងល្អជានិច្ច។


នាយឧត្តមសេនីយ៍ បានបន្ដថា យើងរស់នៅ ធ្វើការជាមួយគ្នា ២៩ឆ្នាំហើយ ពិសេស ២៣ឆ្នាំដែលខ្ញុំទទួលខុសត្រូវជាមេបញ្ជាការ ខ្ញុំសូមបងប្អូនមេត្តាយោគយល់ និងអព្យាស្រ័យ នូវរាល់ពាក្យសំដី អាកប្បកិរិយា មាត់ធំ មាត់តូច កាយវិការខ្វះការគោរព ឬទង្វើរទាំងឡាយណាដែលធ្វើអោយប៉ះពាល់អារម្មណ៍បងប្អូនកើតជាការមិនសប្បាយចិត្ត សូមមេត្តាអនុគ្រោះឲ្យខ្ញុំផង ក្នុងការផ្តល់គុណតម្លៃ នៃការខិតខំជាតួនាទី មុខតំណែង ឋានន្តរស័ក្កិ ឬការទាក់ទងប្រចាំថ្ងៃមិនបានស្មើៗគ្នា។ ខ្ញុំគ្មានគំនិតបក្ខពួកនិយម គ្រួសារនិយម អាត្មានិយម តំបន់និយមនោះទេ តែដូចបងប្អូនដឹងស្រាប់ហើយនំមួយដុំតូចតែអ្នកដែលត្រូវទទួលទានមានគ្នាច្រើន ខ្លះនៅជិត ខ្លះនៅឆ្ងាយ ខ្លះបាន ខ្លះអត់ ខ្ញុំដឹងខ្ញុំយល់ តែខ្ញុំមិនដឹងត្រូវធ្វើយ៉ាងម៉េចមាន តែពាក្យអង្វរកសូមមេត្តា យោគយល់ឲ្យខ្ញុំតែប៉ុណ្ណោះ។ សូមអរគុណ សង្ឃឹម ជឿជាក់លើ បងប្អូនទាំងអស់ នឹងរួមទទួលរែកពន់កិច្ចការតូចធំដែលមានប្រយោជន៍ដល់ប្រជាជន និងប្រទេសជាតិបន្តដើម្បីថែរក្សាតម្លៃ កិត្តិយស កេរ្ត៍ឈ្មោះកងរាជអាវុធហត្ថតទៅមុខទៀត។


ខ្ញុំអស់ឪពុក ម្តាយ បងប្អូន តែខ្ញុំមានបងប្អូនទាំងអស់គ្នារាប់អាន ស្រឡាញ់ គាំទ្រ ចែករំលែក យកអាសាខ្ញុំ ខ្ញុំពិតជាសំណាង។ សូមបងប្អូនគ្រប់រូបមេត្តាទទួល នូវក្តីគោរព ស្រឡាញ់ ដឹងគុណពីខ្ញុំចំពោះបងប្អូនជានិច្ច។


សូមបញ្ជាក់ថា ស្ថាប័នកងរាជអាវុធហត្ថត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣ ពោលបន្ទាប់ពីការបោះឆ្នោតលើកដំបូង ដែលរៀបចំដោយអាជ្ញាធរបណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ «អ៊ុនតាក់»។ តាមក្រឹត្យចុះថ្ងៃទី១៤ កក្កដា ១៩៩៣ ការបង្កើតអគ្គសេនាធិការដ្ឋាននៃកងទ័ពជាតិកម្ពុជា នៅក្នុងរចនាសម្ព័ន្ធចាត់តាំងអគ្គសេនាធិការដ្ឋាន ក៏មានកងអាវុធហត្ថផងដែរ។


បន្ទាប់មកនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៤ រាជរដ្ឋាភិបាលបានចេញនូវអនុក្រឹត្យលេខ៧៧ ស្តីពី តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធទូទៅកងរាជអាវុធហត្ថ និងក្រមនីតិវិធីព្រហ្មទណ្ឌ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៧ បានចែងច្បាស់កំណត់សមត្ថកិច្ចរបស់កងរាជអាវុធហត្ថ ក្នុងគម្ពីទី២ មាតិកាទី៤ ជំពូកទី៤។


នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា យោងទៅតាមឯកសារគតិយុត្តខាងលើ ២៩ឆ្នាំកន្លងផុតទៅ កងរាជអាវុធហត្ថ បានកសាងហេដ្ឋារចនាសម្ពន្ធទាំងរឹងទាំងទន់ផង និងប្រតិបត្តិនូវតួនាទី ភារកិច្ចដែលមានចែងក្នុងលិខិតបទដ្ឋានគតិយុត្ត ក្នុងការរួមចំណែក ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ បង្ក្រាបបទល្មើស ពង្រឹងការអនុវត្តកសាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ។


តាមរយៈស្នាដៃ និងសមិទ្ធផលទាំងនេះ កងរាជអាវុធហត្ថ ទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាល ពីសាធារណជន និងបានប្រគល់បន្ថែមនូវភារកិច្ច ឲ្យធ្វើការសហការជាមួយក្រសួង ស្ថាប័ននានា យ៉ាងមានប្រសិទ្ធភាព។


ដោយឡែកចន្លោះពេល២ឆ្នាំកន្លងមកនេះ ដោយសារការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ខួបលើកទី២៨ មិនបានប្រារព្ធពិធីអបអរសាទរនោះទេ ទើបតែឆ្នាំនេះ កម្ពុជាក្រោមការដឹកនាំឈ្លាសវៃរបស់រាជរដ្ឋាភិបាល និងដោយបានការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ព្រមទាំងមានការណែនាំក្រសួងជំនាញ គឺក្រសួងសុខាភិបាល កម្ពុជាគ្រប់គ្រងបានស្ថានភាពជំងឺកូវីដ-១៩ ទើបថ្ងៃនេះយើងមកជួបជុំគ្នា រំលឹកខួបលើកទី២៩ ឡើងវិញ៕





 

No comments:

Post a Comment

Pages