ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញដឹកនាំំកិច្ចប្រជុំ ដើម្បីកៀងគររកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាតាមរយៈការប្រើប្រាស់ QR Code - គេហទំព័រ សន្តិភាពថ្មី

Breaking

Wednesday, July 27, 2022

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញដឹកនាំំកិច្ចប្រជុំ ដើម្បីកៀងគររកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាតាមរយៈការប្រើប្រាស់ QR Code

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំំកិច្ចប្រជុំ ដើម្បីកៀងគររកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាតាមរយៈការប្រើប្រាស់ QR Code។ ដើម្បីអោយដំណើរការ នៃការទទួលថវិកាពីសប្បុរសជនទៅជួយដល់មន្ទីរពេទ្យនេះបានកាន់តែខ្ពស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំរាជធានីភ្នំពេញ បានអញ្ជើញ ស្នងការនគរបាលរាជធានី មេបញ្ជាការកងរាជអាវុធហត្ថរាជធានី អាជ្ញាធរខណ្ឌទាំង១៤ មន្ទីរទាំងអស់ចំណុះអោយរដ្ឋបាលរាជធានី និងអង្គភាពជុំវិញ សាលារាជធានីភ្នំពេញ មកប្រជុំនៅសាលារាជធានីភ្នំពេញ។  

ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ ការប្រជុំនេះធ្វើឡើង ដើម្បីកៀងគររកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយយើងសម្រេចរៀបចំប្រមូលថវិកា តាមរយៈប្រើប្រាស់ QR Code ទៅដាក់នៅតាមទីតាំងនានា នៅក្នុងរាជធានីភ្នំពេញ ដូចជាទី ប្រជុំជនកន្លែងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ នៅតាមបណ្ដាក្រុមហ៊ុន តាមទីផ្សារ នៅតាមសណ្ឋាគារ ភោជនីដ្ឋានជាដើម ដើម្បីបង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការចូលរួមជាថវិកាដោយស្ម័គ្រចិត្ត ជួយទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផា ។


នាឱកាសនោះ ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា ការងារនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំង រហូតអោយ អាជ្ញាធររាជធានី និងខេត្តទាំងអស់ បង្កើតនូវមូលនិធិនេះឡើង ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ខណៈដែលមន្ទីរពេទ្យនេះបានដើរតួយ៉ាងសំខាន់ ក្នុងការជួយដល់ប្រជាពលរដ្ឋក្រីក្រនៅតាម រាជធានីខេត្តទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា។


បន្ថែមពីនេះទៀត ឯកឧត្ដម ឃួង ស្រេង ក៏បានសង្កត់ធ្ងន់ផងដែរថា ការងារនេះត្រូវតែធ្វើឡើងដោយការស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំ ដូច្នេះសូមអាជ្ញាធរខណ្ឌ ក៏ដូចជាអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវតែយកចិត្តទុកដាក់ដើម្បីអនុវត្ត គឺមិនបង្ខិតបង្ខំ ធ្វើឡើងដោយការស្ម័គ្រចិត្ត របស់បុគ្គលនីមួយៗ។ ត្រូវបន្តការផ្សព្វផ្សាយការងារនេះ ឱ្យកាន់តែជ្រួតជ្រាបទៅដល់មន្ត្រីក្រោមឱវាទ ក៏ដូចជាប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ដើម្បីឱ្យពួកគាត់បានស្ម័គ្រចិត្តចូលរួមទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា។


គួរបញ្ជាក់ថា គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំរាជធានីភ្នំពេញ ត្រូវបានបង្កើតឡើងដោយមាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាប្រធាន លោក កើត ឆែ អភិបាលរងរាជធានី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាអនុប្រធាន ស្នងការនគរបាលរាជធានី មេបញ្ជាការកងរាជអាវុធហត្ថរាជធានី អភិបាលខណ្ឌទាំង១៤ មន្ទីរទាំងអស់ចំណុះអោយរដ្ឋបាលរាជធានី និងអង្គភាពជុំវិញសាលារាជធានីភ្នំពេញជាសមាជិក។


គណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំរាជធានីភ្នំពេញ មានតួនាទី និងភារកិច្ចផ្សព្វផ្សាយ អំពាវនាវ និងបំផុសចលនាកៀរគរការបរិច្ចាគពីមន្ត្រីគ្រប់ជាន់ថ្នាក់ចំណុះរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីគាំទ្រកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។ រាយការណ៍អំពីវឌ្ឍនភាពនៃការចូលរួមបរិច្ចាគ និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះសប្បុរសជន ដែលចូលរួមបរិច្ចាគរួមមានឈ្មោះ (ភាសាខ្មែរ និងអក្សរឡាតាំង) ភេទ ចំនួន ថវិកាបរិច្ចាគ និងលេខទូរស័ព្ទរបស់ សប្បុរសជនមកលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបូកសរុប និងផ្សព្វផ្សាយជាសាធារណៈឱ្យបានទាន់ពេល ក្នុងគោលដៅធានាតម្លាភាព និងទំនុកចិត្តសាធារណជន និងបំពេញការងារផ្សេងទៀតតាមការណែនាំរបស់មូលនិធិគន្ធបុប្ផាកម្ពុជា។ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចរួចហើយ ក្នុងការបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលមកទទួលសេវាព្យាបាលជម្ងឺនៅមន្ទីរពេទ្យគន្ធបុប្ផា៕


ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ













 

No comments:

Post a Comment

Pages