ថ្ងៃសុក្រ ៩រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ អគ្គលេខាធិការដ្ឋានសហព័ន្ធកីឡាហែលទឹក បានរៀបចំមហាសន្និបាតសហព័ន្ធខ្មែរកីឡាហែលទឹកបញ្ចប់អាណត្តិទី៦ ឆ្នាំ២០១៧-២០២១ និងបន្តអាណត្តិទី៧ ឆ្នាំ២០២១-២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង អ្នកឧកញ៉ា ទ្រី ភាព ប្រធានក្រុមហ៊ុន ទ្រី ភាព គ្រុប អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកគ្រូបង្វឹក និងកីឡាករកីឡាការិនី នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។  


យោងតាមអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែម គិរី បានឱ្យដឹងថា៖ អង្គមហាសន្និបាតបានសម្រេចបោះឆ្នោតជ្រើសរើសសមាសភាពសមាជិកប្រតិបត្តិថ្មីរបស់ខ្លួន ក្នុងនោះឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានសហព័ន្ធសម្រាប់អាណត្តិថ្មីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ដើម្បីដឹកនាំសហព័ន្ធបន្ត ចំណែកអ្នកឧកញ៉ា ទ្រី ភាព ប្រធានក្រុមហ៊ុន ទ្រី ភាព គ្រុប អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ត្រូវបានជ្រើសរើសជាអនុប្រធានសហព័ន្ធ។


បន្ទាប់ពីត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ឯកឧត្តមទេសរដ្ឋមន្រ្តីប្រធានសហព័ន្ធ បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងក្នុងការស្វែងរកប្រភពថវិកាពីសប្បុរសជន និងក្រុមហ៊ុនឯកជននានា ដើម្បីអភិវឌ្ឍន៍វិស័យកីឡាហែលទឹកនៅកម្ពុជាឱ្យមានការរីកចម្រើន និងស្វែងរកមេដាយជូនជាតិឱ្យបានច្រើនក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះឆ្នាំ២០២៣ ខាងមុខនេះ។ 


ជាមួយគ្នានោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើ និងជំរុញលើកទឹកចិត្តឱ្យកីឡាករ កីឡាការិនីទាំងអស់ខិតខំប្រឹងប្រែងហ្វឹកហាត់ឱ្យបានទៀងទាត់ គោរពតាមវិន័យរបស់សហព័ន្ធ ស្ដាប់ដំបូន្មានរបស់គ្រូបង្វឹកឱ្យបានម៉ឺងម៉ាត់ ដើម្បីត្រៀមយកមេដាយជូនជាតិយើងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមខាងមុខ។


ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានអញ្ជើញផ្ដល់កិត្តិយសប្រគល់រង្វាន់លើកទឹកចិត្តជូនក្រុមកីឡាករដែលទទួលបានជ័យលាភីមេដាយសំរឹទ្ធពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ដែលបានប្រព្រឹត្តទៅនៅប្រទេសវៀតណាម។ 


សូមជម្រាបជូនថា៖ មហាសន្និបាតនាពេលនេះ គឺជារបត់ថ្មីមួយដែលគោរពតាមគោលការណ៍កំណែទម្រង់ស៊ីជម្រៅរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីភាពរឹងមាំខាងផ្នែករដ្ឋបាលកីឡា និងបច្ចេកទេសរបស់សហព័ន្ធខ្មែរកីឡាហែលទឹក ក្នុងការប្រកួតកីឡាជាអន្តរជាតិនានាពិសេសត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ឱ្យទទួលបានជោគជ័យ៕