នាព្រឹកថ្ងៃពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យ “រុក្ខទិវា ០៩ កក្កដា” ស្ថិតនៅក្នុងបរិវេណវត្តបឹងកែក ភូមិបឹងកែក ឃុំដូនស ស្រុកស្វាយជ្រំ។
អញ្ជើញចូលរួមក្នុងឱកាសនោះរួមមាន ឯកឧត្តមអភិបាលរងខេត្ត លោកឧត្ដមសេនីយ៍មេបញ្ជាការរងកងកម្លាំងទាំងបី លោកប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកអភិបាលស្រុកស្វាយជ្រំ និងអាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។
មានប្រសាសន៍ទៅកាន់ពិធីនេះឯកឧត្តមបានថ្លែងការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានយកចិត្តទុកដាក់សហការជាមួយបណ្ដាអង្គភាពពាក់ព័ន្ធ ព្រះគ្រូចៅអធិការវត្ត គណៈកម្មការអាចារ្យវត្ត ឧបាសក ឧបាសិកា អាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីរៀបចំពិធីបុណ្យរុក្ខទិវា នៅក្នុងបរិវេណវត្តបឹងកែក នាថ្ងៃនេះ ដែលពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញពីការសហការគ្នាយ៉ាងល្អប្រសើរ រវាងវិស័យពុទ្ធចក្រ និងអាណាចក្រ រវាងរដ្ឋ ប្រជាពលរដ្ឋ និងអង្គភាពពាក់ព័ន្ធ ក្នុងការចូលរួមលើកកម្ពស់បរិស្ថានធម្មជាតិ និងលើកកម្ពស់សោភ័ណភាព ប្រកបដោយបរិយាកាសបរិសុទ្ធក្នុងទីវត្តអារាម សម្រាប់បម្រើឲ្យប្រយោជន៍របស់ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គផង និងពុទ្ធបរិស័ទដែលមកធ្វើបុណ្យនៅក្នុងទីវត្តអារាមរបស់យើងផងដែរ។
ឯកឧត្តមបន្តថា ក្នុងនាមរដ្ឋបាលខេត្ត សង្ឃឹមថាព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ ជាពិសេសក្មួយៗយុវជន សិស្សានុសិស្ស បន្តស្មារតីស្រឡាញ់បរិស្ថានធម្មជាតិ ថែទាំដើមឈើដែលបានដាំរួចឲ្យរស់រានមានជីវិតលូតលាស់បានល្អ និងរួមគ្នាបន្តដាំកូនឈើនៅតាមសហគមន៍ ទីអារាម ភូមិដ្ឋាន ក្នុងបរិវេណគ្រឹះស្ថានសិក្សា អង្គភាពរដ្ឋ តាមដងផ្លូវ តាមទំនប់ ប្រឡាយ ទីទួល ទីទំនាប ស្រែចម្ការ និងតាមទីសាធារណៈផ្សេងៗឲ្យបានកាន់តែសកម្មថែមទៀត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារ ការអភិរក្ស និងការពង្រីកធនធានព្រៃឈើដ៏មានសារៈសំខាន់សម្រាប់យើងទាំងអស់គ្នា សំដៅធ្វើឲ្យប្រទេសកម្ពុជានិយាយជារួម និងមូលដ្ឋានភូមិ ឃុំ ក្នុងខេត្តស្វាយរៀងយើងនិយាយដោយឡែក កាន់តែមានទេសភាពបៃតង និងរស់រវើកគ្រប់រដូវកាល ។
ជាចុងបញ្ចប់នៃពិធីនេះ ឯកឧត្តមបានអំពាវនាវដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់រាល់បទល្មើសព្រៃឈើ និងការកាប់រានព្រៃឈើយកដីល្មើសច្បាប់តាមគ្រប់រូបភាព មកធ្វើជាកម្មសិទ្ធិឯកជន ជាពិសេសត្រូវបង្កើននូវប្រសិទ្ធភាព នៃការចូលរួមទប់ស្កាត់ភ្លើងឆេះព្រៃគ្រប់ប្រភេទ។ ទន្ទឹមនេះ សូមបន្តទៅទទួលការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កើត និងពង្រឹងភាពស៊ាំនៅក្នុងសហគមន៍របស់យើងទប់ទល់នឹងជំងឺឆ្លងកូវីដ-១៩ និងសូមមានការប្រុងប្រយ័ត្នដោយបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ ។
No comments:
Post a Comment