(រដ្ឋបាលខេត្តកំពង់ធំ)៖ ស្របពេលដែលមានភ្លៀងធ្លាក់ជាប់គ្នាជាច្រើនមេ បានបង្ករឲ្យមានជំនន់ទឹកភ្លៀង ដែលធ្វើឲ្យទឹកស្ទឹងសែនបន្តហក់ឡើងជាបន្តបន្ទាប់រហូតដល់ការប្រកាសអាសន្ន បណ្ដាលឱ្យលិចលង់ដំណាំស្រូវរបស់ប្រជាពលរដ្ឋ ទូទងខេត្តកំពង់ធំ ចំនួន ៣.៣៥០ហិចតា និងខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នលមួយចំនួន ប៉ុន្តែមិនទាន់មានផលប៉ះពាល់ដល់ពលរដ្ឋ និងផ្ទះសម្បែងនៅឡើយទេ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យស្ថានភាពដំណាំស្រូវរបស់ពលរដ្ឋប្រមាណ ១០៥ហិចតា នៅសង្កាត់ព្រៃអូរគន្ធរ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង។   


ទន្ទឹមនោះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ក៍បានក្រើនរំលឹកដល់មន្ត្រីមូលដ្ឋាន ត្រូវបន្តតាមដានពីស្ថានភាពទឹកជំនន់ ជាពិសេសត្រូវធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពស្រូវលិចទឹករបស់បងប្អូនប្រជានប្រជាពលរដ្ឋ ដើម្បីស្នើសុំពូជស្រូវ សម្រាប់បង្កបង្កើនផលនៅពេលទឹកស្រកទៅវិញ ព្រមទាំងបន្តផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងសែន ក្នុងខេត្តកំពង់ធំ ត្រូវមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា ហើយក៏ត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាង ដើម្បីសង្គ្រោះប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព គ្រាទឹកជំនន់បន្តហក់ឡើង ដល់ចំណុចប្រកាសអាសន្ននេះ។