ខេត្តកែប, ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីករសួងមហាផ្ទៃ បានអញ្ជេីញជាអធិបតីក្នុងពីធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណអភិបាលខេត្តកែប។
តាមអនុក្រឹត្យស្តីពីការតែងតាំងមន្រ្តីរាជការ ដែលបានចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់តែងតាំង មន្រ្តីរាជការចំនួន០៥រូប ជាអភិបាលរង នៃគណអភិបាលខេត្តកែប រួមមាន ១) លោក យស់ មុន្នី ពីប្រធានមន្ទីរ រ៉ែ និងថាមពលខេត្ត ជាអភិបាលរងខេត្តកែប ២) លោក ហ៊ួរ មិថុនា ពីអនុប្រធាននាយកដ្ឋាននគរបាលព្រំដែនទឹក ជាអភិបាលរងខេត្តកែប ៣) លោក អ៊ឹម បញ្ញារិទ្ធិ ពីប្រធានមន្ទីរបរិស្ថានខេត្ត ជាអភិបាលរងខេត្តកែប ៤) លោកស្រី គីម ចាន្នី ពីអភិបាលស្រុកដំណាក់ចង្អេីរ ជាអភិបាលរងខេត្តកែប និង៥) លោកស្រី ទិត្យ សុខា ពីអភិបាលក្រុងកែប ជាអភិបាលរងខេត្តកែប ។
ថ្លែងក្នុងពីធីប្រកាសនេះ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត ត្រូវតែប្រឹងប្រែងអភិវឌ្ឍន៍ខេត្តឱ្យល្អ និងត្រូវគិតគូរពីបញ្ហាមួយចំនួនដូចជា៖ ទប់ស្កាត់ និងបង្ការការរីករាលដាល នៃជំងឺកូវីដ១៩ បន្តទៀតត្រូវពិនិត្យ និងដោះស្រាយរាល់ជំលោះ តម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ ច្បាស់លាស់ និងទាន់ពេលវេលា ជាពិសេសខិតខំទប់ស្កាត់ និងបង្រ្កាបឱ្យបានបញ្ហាគ្រឿងញៀន។ លេីសពីនេះ ឯកឧត្តមរដ្ឋលេខាធិការ សំដែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណអភិបាលខេត្ត មន្រ្តីរាជការជុំវិញខេត្ត បានសហការគ្នាក្នុងការអភិវឌ្ឍន៍ឱ្យខេត្តមានការរីកចម្រើនគួរឱ្យកត់សម្គាល់។
ឯកឧត្តម ផាន់ ចាន់ធុល ក៏បានជម្រុញដល់អភិបាលរងខេត្តថ្មី ត្រូវបន្តខិតខំអភិវឌ្ឍន៍ខេត្តទាំងមូលអោយទទួលបានភាពរីកចម្រើនទៅមុខជាលំដាប់ ត្រូវចុះមូលដ្ឋានអោយបានជាប្រចាំ ត្រូវដឹងពីសុខទុក្ខបស់បងប្អូនប្រជាជន ត្រូវដោះស្រាយរាល់បញ្ហដែលកើតមាននៅក្នុងមូលដ្ឋានអោយបានទាន់ពេលវេលា។ ត្រូវចេះរួមសហការគ្នា ក្នុងការកែប្រែមុខមាត់ខេត្តកែបអោយកាន់តែមនការអភិវឌ្ឍន៍ជាបន្តទៀត ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងចូលរួមលើក កម្ពស់សេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង និងការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ឯកឧត្តមក៏បានសុំណូមពរដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងទាំងបី អាជ្ញាធរគ្រប់ជាន់ថ្នាក់ ផ្តល់នូវការគាំទ្រ និងមានកិច្ចសហការល្អជាមួយគ្នា ដើម្បីដឹកនាំ និងកសាងខេត្ត អោយទទួលបានជោគជ័យថែមទៀត៕
No comments:
Post a Comment