នារសៀលថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ លោកជំទាវ UIKU Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម។


ក្នុងជំនួបនេះដែរ សម្តេចក្រឡាហោមបានសម្តែងការស្វាគមន៍ចំពោះ លោកជំទាវ UIKU Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគីប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលតួកគី ដែលបានផ្តល់កិច្ចសហប្រតិបត្តិការនានាជាមួយកម្ពុជា ជាពិសេស កិច្ចសហប្រតិបត្តិការលើការងាររក្សាសន្តិភាព។ ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម ក៏បានរំលឹកអំពីដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសតួកគីកាលពីឆ្នាំ២០១៩កន្លងមក នាឱកាសនោះភាគីទាំងពីរ ក៏បានពិភាក្សាគ្នាលើសេចក្តីព្រាងក្នុងការចុះអនុស្សរណៈយោគយល់គ្នាចំពោះវិស័យអប់រំ និងការអភិវឌ្ឍន៍ធនធានមនុស្ស ដែលបច្ចុប្បន្នសេចក្តីព្រាងនេះស្ថិតនៅក្នុងការពិនិត្យ និងកែសម្រួលនៅឡើយ។


សម្តេចក្រឡាហោម ក៏បានមានប្រសាសន៍បន្ថែមទៀតថា ក្នុងការចុះអនុស្សរណៈយោគយល់គ្នានេះដែរ ភាគីកម្ពុជាក៏មានបំណងចង់បន្ថែមការងាររដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែករក្សាសន្តិសុខបន្ថែមទៀត ដើម្បីពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកានតែទូលំទូលាយឡើង។ ទន្ទឹមមនឹងនេះដែរ សម្តេចក្រឡាហោម ក៏បានលើកឡើងពីកំណែទម្រង់ថ្នាក់ក្រោមជាតិតាមបែបវិមជ្ឈការ និងវិសហមជ្ឈការដែលផ្តល់អំណាចទៅដល់ថ្នាក់ក្រោមជាតិឱ្យបានច្រើនតាមដែលអាចធ្វើទៅបានទាំងថវិកា និងធនធានមនុស្ស។


ជាមួយគ្នានេះ ជាការឆ្លើយតប លោកជំទាវ UIKU Kocaefe បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះក្រសួងមហាផ្ទៃ លើកិច្ចសហប្រតិបត្តិការកន្លងមក ជាពិសេសក្នុងការងារប្រឆាំងអំពើរភារវកម្ម ក្នុងន័យនេះដែរ លោកជំទាវ បានជម្រាបជូនថា កម្ពុជា នឹងតួកគីមានជំហរស្រដៀងគ្នា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាបានខិតខំប្រឹងប្រែងដោះស្រាយវិបត្តិនៅភូមា ក្រោមជំហរចង់មានកិច្ចចរចារដែលនេះជាបេសកកម្មមួយដ៏លំបាកដែលកម្ពុជាកំពុងតែជំនះ។


ឆ្លើយតបចំពោះការលើកឡើងនេះដែរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ចំពោះបេសកកម្មនេះអាចនិយាយបានថា ជាឱកាសសម្រាប់កម្ពុជា និងជាបញ្ហាប្រឈមមួយផងដែរសម្រាប់កម្ពុជា ហេតុដូច្នេះហើយទាមទារឱ្យមានការចូលរួមពីសំណាក់ប្រទេសភូមានៅក្នុងកិច្ចប្រជុំអាស៊ាន។


ជាចុងក្រោយ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវក៏បានបង្ហាញពីការត្រៀមខ្លួន លើកិច្ចសហប្រតិបត្តិការជាមួយគ្នាទៅវិញទៅមក ក្នុងអាណត្តិការងាររបស់លោកជំទាវប្រចាំនៅព្រះរាជាណាចក្រកម្ពុជា៕