(មណ្ឌលគិរី)៖ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ៥រោច ខែ ភទ្របទឆ្នាំ ខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងលោក លោកស្រី សមាជិក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៥ និង នាំយកទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃដែលរងចាំព្រះវស្សា នៅវត្តព្រះពុទ្ធមណ្ឌលគិរី ស្ថិតនៅភូមិជ្រៃសែន សង្កាត់ មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានឲ្យដឹងថា ពិធីបុណ្យកាន់បិណ្ឌ គឺតែងតែប្រារព្ធធ្វើជាប្រពៃណីតាំងពីបរមបុរាណតរៀងមក មានគោលបំណង ដើម្បីទុកលទ្ធភាពឲ្យព្រះសង្ឃគ្រប់ព្រះអង្គ ដែលគង់ចាំព្រះវស្សា នៅក្នុងទីអារាម ទទួលការផ្គត់ផ្គង់ពីពុទ្ធបរិស័ទចំណុះជើងវត្តទំនុកបម្រុងព្រះសង្ឃ គង់ចាំវស្សាក្នុងវត្តរយៈពេល ៣ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា និងក៏ជារំឭកដល់វិញ្ញាណក្ខន្ធបុព្វការីជន ដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខ។ ឯកឧត្តម បន្តថា បន្ទាប់ពីអំឡុងាការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈនយោបាយ យុទ្ធសាស្រ្តស្រោចវ៉ាក់សាំងនៅទូទាំងប្រទេស ដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋ បានធ្វើឲ្យប្រជាពលរដ្ឋមានឱកាសបានជួបជុំ និងគោរពប្រណិបត្តិ សាសនា តាមជំនឿរៀងៗខ្លួន ជាពិសេសធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ឯកឧត្តម បញ្ជាក់ថា វិស័យព្រះពុទ្ធសាសនា ជាសាសនា របស់រដ្ឋ ដែលប្រជាពលរដ្ឋទូទៅតែងតែ គោរពទៅតាមប្រពៃណីទំនៀមទំលាប់ប្រពៃណីខ្មែរ និងនៅតាមទីវត្តអារាមនានា ហើយក៏សូមឱ្យអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ ត្រូវការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅតាមទីវត្តអារាម និងរមណីយដ្ឋាននានា ដើម្បីធ្វើយ៉ាងណា បង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ក្នុងការធ្វើបុណ្យទាន ជាពិសេស ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីត ១៩។
ពិធីបុណ្យកាន់បិណ្ឌវេនទី៥នេះដែរ ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ក៏បានបួងសួងដល់វត្ថុស័កសិទ្ធលើលោក តាមថែរក្សាថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងប្រជាជនកម្ពុជា អោយបានសេចក្តីសុខ សេចក្តីចំរើន និងចៀសផុតពីជំងឺរាតត្បាតផ្សេងៗ។ ហើយនាឳកាសនោះ ថ្នាក់ដឹកនាំខេត្ត និងមន្រ្តីរាជការ បានប្រគេនចង្ហាន់ ទេយ្យទាន រួមមាន៖ អង្ករ ទឹកសុទ្ធ ទឹកផ្លែឈើ សាដក មី និងបច្ច័យចំនួន ១០លាន៥៧ម៉ឺនរៀល សម្រាប់ចាត់ចែងកសាងសមិទ្ធផលនានា នៅក្នុងវត្តអារាមនេះផងដែរ ៕
No comments:
Post a Comment