(ត្បូងឃ្មុំ)៖ ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំគណៈប្រតិភូថ្នាក់ខេត្ត អញ្ជេីញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ទន់ ធី ដែលត្រូវជាម្តាយក្មេក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី និងត្រូវជាជីដូនក្មេក ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានទទួលមរណភាព នៅថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ០០:១៨នាទីរំលងអាធ្រាត ក្នុងជន្មាយុ ៩០ឆ្នាំ ដោយជរាពាធ ស្ថិតនៅភូមិពន្លៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ 


ក្នុងឱកាសនោះគណៈប្រតិភូខេត្តត្បូងឃ្មុំ ក៏បានចូលរួមសម្ដែងនូវសមាណទុក្ខ យ៉ាងក្រៀមក្រំ ជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងក្រុមគ្រួសារ សាច់ញាតិចំពោះការបាត់បង់ម្តាយក្មេក ម្តាយបង្កើត ជីដូន ជីដូនទួត ជាទីគោរពស្រលាញ់ ពោរពេញទៅដោយព្រហ្មវិហារធម៌ ដ៏ល្អប្រពៃ និងបានបីបាច់ថែរក្សា ទំនុកបម្រុងបុត្រធីតាទាំងអស់ ប្រកបដោយការទទួលខុសត្រូវយ៉ាងខ្ពង់ខ្ពស់បំផុត ។ 


ទន្ទឹមនឹងនោះ ទោះបីរូបកាយរបស់ មហាឧបាសិកា ទន់ ធី បានបាត់បង់ទៅមែនពិត ក៏ប៉ុន្តែអំពើជាកុសល កិត្តិយស សេចក្តីថ្លៃថ្នូរ នឹងនៅស្ថិតស្ថេរ ក្នុងសណ្ដានចិត្តរបស់កូនចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។


នាឱកាសនោះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត អភិបាលខេត្តត្បូងឃ្មុំ ព្រមទាំងគណៈប្រតិភូអម ក៏បានបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សា ដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា ទន់ ធី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕