អតីតគ្រូរូបវិទ្យាដ៏ល្បីម្នាក់ នាទសវត្សរ៍ឆ្នាំ១៩៨០នៃសាលាបាក់ទូក កំពុងសម្រាកវះកាត់ជើងនៅមន្ទីរពេទ្យព្រះអង្គឌួងដោយទទួលបានការយកចិត្តទុកដាក់ពីអតីតកូនសិស្ស និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូកជាមួយគ្នា! - គេហទំព័រ សន្តិភាពថ្មី

Breaking

Friday, December 29, 2023

អតីតគ្រូរូបវិទ្យាដ៏ល្បីម្នាក់ នាទសវត្សរ៍ឆ្នាំ១៩៨០នៃសាលាបាក់ទូក កំពុងសម្រាកវះកាត់ជើងនៅមន្ទីរពេទ្យព្រះអង្គឌួងដោយទទួលបានការយកចិត្តទុកដាក់ពីអតីតកូនសិស្ស និងអតីតលោកគ្រូអ្នកគ្រូបង្រៀនសាលាបាក់ទូកជាមួយគ្នា!

នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ អតីតសិស្សសាលាបាក់ទូកនាទសវត្សឆ្នាំ១៩៨០ មួយក្រុមរួមជាមួយអតីតលោកគ្រូអ្នកគ្រូបង្រៀននៅសាលាបាក់ទូក បាននាំយកនូវថវិកា ដែលបានមកពីការចូលរួមពីអតីតអតីតលោកគ្រូអ្នកគ្រូ និងសិស្សរួមជំនាន់ សរុបចំនួន៨,០១០ដុល្លារ និង ១៥ម៉ឺនរៀល រួមនឹងផ្លែឈើ០១កន្រ្តក និង ភេសជ្ជៈចម្រុះ ០៨កេស ទៅសួរសុខទុក្ខ និងប្រគល់ជូនលោកគ្រូ ជា សែ អតីតគ្រូជើងចាស់ឯកទេសរូបវិទ្យា ដ៏ល្បីល្បាញម្នាក់នាទសវត្សរ៍ទី៨០ ដែលកំពុងសម្រាកព្បាលវះកាត់ជើង ដោយសារដំបៅនៃមានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរនៅមន្ទីរពេទ្យព្រះអង្គឌួង។ 


ក្នុង​ឱកាសនោះ ក្រុមអតីតមិត្តរួមជំនាន់នៃសាលាបាក់ទូកទាំងអស់ ក៏បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកវេជ្ជបណ្ឌិត លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួង ព្រមទាំងក្រុមវេជ្ជបណ្ឌិតជំនាញ ដែលបានជួយជ្រោមជ្រែងក្នុងការព្យាបាលដល់លោកគ្រូ ជា សែ យ៉ាងយកចិត្តទុកដាក់ជាទីបំផុត។


គួររំលឹកថាកាលពីខែសីហា ឆ្នាំ២០១៨ លោកគ្រូ ជា សែ ក៏ធ្លាប់ចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ហើយត្រូវបានអតីតសិស្សសាលាបាក់ទូកនាឆ្នាំ៨០ រួមគ្នា បរិច្ចាគធនធានផ្ទាល់ខ្លួន តាមលទ្ធភាពបានថវិកាសរុបជាង ៧,០០០ដុល្លារ ប្រគល់ជូនលោកគ្រូ ជា សែ ទុកជាការជួយសម្រាលបន្ទុកព្យាបាលដល់គ្រួសារលោកគ្រូម្តងរួចមកហើយផងដែរ។


ក្នុងរយៈកាលកន្លងមក គេតែងសង្កេតឃើញអតីតមិត្តរួមជំនាន់នៃសាលាបាក់ទូកមួយក្រុម ដែលផ្តួចផ្តើមចងក្រងឡើង ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ តែងបង្ហាញនូវសកម្មភាពទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ និងចែករំលែកធនធានជួយទុក្ខធុរៈ អតីតលោកគ្រូអ្នកគ្រូ មិនដែលមានខាន ព្រមទាំងជួយដល់មិត្តដែលជួបការលំបាកនិងខ្វះលទ្ធភាពគ្រប់ៗគ្នា។


សកម្មភាពយកចិត្តទុកដាក់ និងចែករំលែកធនធានជួយដល់អតីតលោកគ្រូអ្នកគ្រូ និងមិត្តដែលមានអាសន្នទាំងនេះ គឺជាមនោសញ្ចេតនា និងជាគោលការណ៍ក្នុងក្រុម ស្របតាមពាក្យស្លោកដែលពួកគាត់បានរួមគ្នាបង្កើតឡើងថា "សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក "៕




 

No comments:

Post a Comment

Pages